«បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា»

ភ្នំពេញ៖ ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរួមគ្នាពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់សម្រាប់បង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីរៀបចំជាសំណើគោរពជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «») នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ​ទាំងអស់ ដោយមានការចូលរួមពី ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «»), ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ, ព្រមទាំង ផ្នែកឯកជន រួមមាន តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ, តំណាងសភាពាណិជ្ជកម្មប្រចាំនៅកម្ពុជា, AmCham, CanCham, EuroCham, ក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៊ិនវេសមិន, តំណាងក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន, និងសមាគមឧស្សាហកម្មទេសចរណ៍ សរុបអ្នកចូលរួមចំនួន ៧៧ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្តពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «») កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរចំនួន២ និងក៏ជាកម្មវត្ថុនៃកិច្ចប្រជុំនៅក្នុងថ្ងៃនេះដែរ រួមមាន៖ (១) ការពិចារណាលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ, និង (២) សំណើសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នាដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។

ក្នុងន័យនេះ ដើម្បីរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍ ដ៏ដូចជាជំរុញដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាន់តែមានសន្ទុះ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ទេសចរណ៍ និងអាកាសចរណ៍ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតី និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនានា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកទីផ្សារទេសចរណ៍, បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើង និង ពង្រឹងការតភ្ជាប់អាកាសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលអញ្ជើញក្រុមហ៊ុនអាកាសចរណ៍ចូលរួមកិច្ចប្រជុំ ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានសម្របសម្រួលការចូលរួមពីសមាគមឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មពាក់ព័ន្ធ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ឧកញ៉ា លូ ម៉េង សហប្រធានក្រុម «» និងលេខាធិការដ្ឋាន ដែលបានខិតខំសម្របសម្រួលឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន៕














 

Powered by Blogger.