នាវាចម្បាំងអង់គ្លេស ចូលមកសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រយៈពេល៨ថ្ងៃ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុកនាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា
HMS
Tamar បានចូលមកសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០
ខែសីហានេះ ខណៈនាវានេះនឹងចូលសំចតរយៈពេល៨ថ្ងៃ ដោយ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា
ឆ្នាំ២០២៦នេះ
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា
បានឲ្យដឹងថា HMS Tamarនេះបានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម
ដែល ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអង់គ្លេស
និងកម្ពុជា។
បើតាមផេករបស់ស្ថាទូតអង់គ្លេសបានបញ្ជាក់ទៀតថា
ដំណើរទស្សនកិច្ចរបស់នាវាល្បាតនេះ គឺជា ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិ
ដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ស្ថានទូតបានបញ្ជាក់ទៀតថា
ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវ សមុទ្រជាក់ស្តែង
ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍
ដែលពង្រឹងការប្តេជ្ញាចិត្តរបស់អង់ គ្លេសចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី
និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ស្ថានទូតបានបញ្ជាក់ទៀតថា
ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួច
ដែលបានមកទស្សនកិច្ចមូលដ្ឋានជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា
ឆ្នាំ ២០២៥មក ហើយវត្តមានរបស់នាវា HMS Tamarនេះ
ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើក ចំហ
និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិ
បត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាជាដើម។
សូមបញ្ជាក់ថា បើតាមឧត្តមនាវីឯក សំ
សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា
ក្នុងអំឡុងពេលសំចតនេះកងទ័ពជើងទឹករបស់កម្ពុជា
និងអង់គ្លេសនឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា
ស្តីពីការសង្រ្គោះគ្រោះមហន្តរាយបឋមនៅលើនាវា និងការលេងកីឡារួមគ្នាដើម្បី
បង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងកម្មវិធីជាច្រើនទៀតផងដែរ៕




Post a Comment