ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណា ដែលជួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាលោកបាន និងកំពុងដាក់ចេញយុទ្ធនាការដ៏ធំថ្មីមួយដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ភ្ជាប់ជាមួយការគំរាមថានឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ លើប្រទេសណាមួយដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ
បានប្រកាសពីការដាក់ចេញប្រតិបត្តិការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ប្រឆាំងអ៊ីរ៉ង់
ហើយលោកក៏បានគំរាមដែរថាប្រទេសណាមួយដែលអនុញ្ញាតស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន
អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្ដល់ដង្ហើមដល់សេដ្ឋកិច្ចអ៊ីរ៉ង់
នឹងត្រូវប្រឈមមុខនឹង ផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
លោក ត្រាំ មិនបានបង្ហើបឱ្យដឹងថាតើលោកនឹងដាក់ទណ្ឌកម្មបែបណានោះទេ
ហើយក៏មិនបានលើកឡើងចំឈ្មោះប្រទេសណាមួយនោះដែរ
បើទោះជាគេដឹងថាចិនគឺជាដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ក៏ដោយ។
ការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់
កើតមានឡើងចំពេលសង្រ្គាមជិតឈានចូលដល់ខែទី៦
ដោយមិនទាន់មានពន្លឺណាមួយពីភាពរីកចម្រើនខាងការទូតឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនៅឡើយទេ។
លោក ត្រាំកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកជុំវិញសង្រ្គាមជាមួយអ៊ីរ៉ង់
ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ខិតជិតចូលមកដល់៕ (AFP)

Post a Comment