នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ច្រានចោលផែនការសន្តិភាពរបស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា

ហ៊្សេរុយសាឡឹម៖ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលជាសាធារណៈចំពោះផែនការសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក ហើយគាំទ្រដោយក្រុមហាម៉ាស។

លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបដិសេធឯកសារ១៥ចំណុច ដោយសំដៅលើផែនការដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសយល់ស្របកាលពីចុងខែកក្កដា។ លោកបានសង្កត់ធ្ងន់ថា យោធាអ៊ីស្រាអែលនឹងមិនដកទ័ពដាច់ខាត រហូតទាល់តែហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង ហើយនឹងបន្តទប់ស្កាត់ការគំរាមកំហែងនានា មកលើកងកម្លាំងក៏ដូចជា​ប្រជាជនអ៊ីស្រាអែល។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជាមិត្តដ៏អស្ចារ្យ ប៉ុន្តែលោកបញ្ជាក់ថា អ៊ីស្រាអែលកំពុងលើកពីជំហរជំទាស់របស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Netanyahu បាននិយាយដូច្នេះថា «ពួកគេមានគំនិតមួយចំនួន ដែលខ្លះយើងអាចទទួលយកបាន ប៉ុន្តែខ្លះទៀតវិញ គឺពុំអាចទទួលយក​ដាច់ខាត ហើយពួកយើងប្រកាន់ជំហររឹងមាំជុំវិញ​បញ្ហាទាំងនេះ»។ ទោះលោក Netanyahu បានប្រកាសបដិសេធបែបនេះក៏ដោយ យោធាអ៉ីស្រាអែល ត្រូវសង្កេតឃើញថា បានកាត់បន្ថយការវាយប្រហារនៅហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មុន។

សូមជម្រាបថា កាលពីខែកក្កដា លោក ដូណាល់ ត្រាំ បានប្រកាសថា វឌ្ឍនភាពធំមួយត្រូវសម្រេចបាន ក្នុងផែនការរបស់លោក ដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ហើយអ៊ីស្រាអែល និងហាម៉ាស ក៏បានយល់ស្របផងដែរ។ នៅក្រោមនោះ កងកម្លាំង​របស់អ៊ីស្រាអែល នឹងត្រូវដកចេញពីហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបោះបង់ចោលអាវុធទាំងស្រុង ហើយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ នឹងធ្វើការជាមួយកងកម្លាំងប៉ូលិសប៉ាឡេស្ទីនថ្មីមួយ ដើម្បីការពារសន្តិសុខនៅក្នុងហ្កាហ្សា។ យ៉ាងណាមិញ ភាពមិនច្បាស់លាស់បានលេចឡើងភ្លាមៗ ដោយមានការចោទសួរជុំវិញ​តារាងពេលវេលានៃផែនការនោះ៕ (AFP)



 

Powered by Blogger.