ពិធីសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិចពូនង ដើម្បីបើកការដ្ឋានសាងសង់បង្គោលកង្ហារខ្យល់នៅក្រុងសែនមនោរម្យ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសហការសហគមន៍មូលដ្ឋានរៀបចំពិធីសែនព្រេនក្រុងពលី តាមទំនៀមទម្លាប់ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិចពូនង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការចាប់ផ្តើមដំណើរការសាងសង់បង្គោលកង្ហារខ្យល់ ជូនសហគមន៍ជនជាតិដើមភាគតិចពូនងភូមិស្រែអុី និងសហគមន៍ការពារធនធានធម្មជាតិណាំភុំ (ស្រែអុី) ដែលស្ថិតនៅក្នុងភូមិស្រែអុី សង្កាត់រមនា ក្រុងសែនមនោរម្យ។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ, លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចពូនង យ៉ាងច្រើនកុះករ។
ការរៀបចំពិធីសែនព្រេនតាមក្បួនខ្នាត និងជំនឿបុរាណនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងគោរពអញ្ជើញគ្រូអារក្ស អារក្សអ្នកតា និងវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដីតំបន់នោះ មកទទួលដឹងឮ និងប្រសិទ្ធពរជ័យ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីសប្បាយ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ដើម្បីធានាឱ្យដំណើរការសាងសង់បង្គោលកង្ហារខ្យល់នេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងស្រុង៕





Post a Comment