AOT ចុះត្រួតពិនិត្យ សង្កេតការណ៍ផ្ទៀងផ្ទាត់ នៅច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់
និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក
(JBC)
កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត
ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧
ខែធ្នូ ឆ្នាំ២០២៥
ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង
ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ
ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ
គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា
សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម
កំណត់ហេតុកិច្ចប្រជុំ
និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង
និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង
និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង
(fait
accompli) នោះឡើយ
និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕








Post a Comment