ACU និងសម្ព័ន្ធសង្គមសុីវិលចំនួន៤ ជួបពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ ដើម្បីស្វែងរកចំណុចរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

រាជធានីភ្នំពេញ÷កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សម្ព័ន្ធសង្គមស៊ីវិលចំនួន៤ រួមមាន÷ «អង្គការតម្លាភាពកម្ពុជា(TIC), វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API), ខេមបូចា(CamboJa) និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ(PDP-Center) បានជួបពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ ដើម្បីស្វែងរកចំណុចរួមសម្រាប់ការងារប្រយុទ្ធប្រេងអំពើពុករលួយ ពិសេសការអប់រំ និងបង្ការទប់ស្កាត់ ដែលជំនួបពិភាក្សានេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឪម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)។

ជំនួបពិភាក្សានេះផ្តោតលើការស្វែងយល់អំពីរចនាសម្ព័ន្ធ និងយន្តការប្រឆាំងអំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ដែលគ្រប់ដណ្តប់ គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ តាមរយៈការអប់រំ ការបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្មានការរើសអើង ពិសេសការទទួល និងដោះស្រាយបណ្តឹងប្រកបដោយយកចិត្តទុកដាក់ ដែលជំនួបពិភាក្សានេះអាចចាត់ទុកជា «ការផ្លាស់ប្ដូរថ្មីមួយនៃបរិបទប្រយុទ្ធរកសុចរិតភាព»។

ចំណុចសំខាន់នៃជំនួបពិភាក្សានេះដែរ ក្រុមសម្ព័ន្ធសង្គមស៊ីវិលទាំង៤ បានស្នើសុំកិច្ចសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) លើនីតិវិធីការងារ ដើម្បីរួមចំណែកពង្រឹងតម្លាភាព និងសុចរិតភាព ជាពិសេសនៅថ្នាក់មូលដ្ឋាន និងក្នុងវិស័យលទ្ធកម្ម ព្រោះការប្រឆាំងអំពើពុករលួយ មិនមែនជាកិច្ចការរបស់អ្នកអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជារបៀបវារៈរួមរបស់ ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋ៕ (ប្រភព : ACU)













Powered by Blogger.