ទីភ្នាក់ងារ UN ព្រមានថា ការរាំងស្ទះនៅច្រកសមុទ្រហ័រមូស អាចបង្កផលប៉ះពាល់យូរអង្វែងដល់ប្រទេសក្រីក្រ
ហ្សឺណែវ៖ ទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បានព្រមាននៅថ្ងៃអង្គារថា ទោះបីជាការបើកច្រកសមុទ្រហ័រមូសឡើងវិញ អាចជួយស្រោចស្រង់ទីផ្សារថាមពលបានភ្លាមៗក្តី ប៉ុន្តែបណ្តាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ នៅតែបន្តប្រឈមហានិភ័យដោយសារការកើនឡើងនៃតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈដ៏អូសបន្លាយ។
នៅក្នុងរបាយការណ៍ថ្មីមួយ UNCTAD
បានគូសបញ្ជាក់ថា ប្រព័ន្ធស្បៀងអាហារ និងការដឹកជញ្ជូន
អាចនឹងត្រូវចំណាយពេលយូរជាងទីផ្សារថាមពល ដើម្បីអាចងើបឡើងវិញបាន
ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវការពេលវេលាច្រើនដើម្បីស្តារឡើងវិញ
បន្ទាប់ពីមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់នាវាចរណ៍ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ
អស់រយៈពេលជាង ១០០ថ្ងៃមក។
ទោះបីជាតម្លៃប្រេងឆៅប្រភេទ Brent
បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៣ដុល្លារក្នុងមួយធុង
ដែលជាកម្រិតមុនពេលផ្ទុះសង្គ្រាម
បន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ក្តី ប៉ុន្តែ UNCTAD
បានព្រមានថា ឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ឧស្ម័ន
និងជីកសិកម្ម អាចនឹងបន្តជះឥទ្ធិពលដល់ផលិតកម្មកសិកម្ម ថ្លៃដឹកជញ្ជូន និងបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារនីមួយៗជាបន្តទៀត។
របាយការណ៍បានសង្កត់ធ្ងន់ថា គ្រាន់តែតម្លៃស្បៀងអាហារកើនឡើង ៥ភាគរយ
ក៏អាចធ្វើឱ្យអត្រាកុមារស្គាំងស្គម និងខ្វះអាហារូបត្ថម្ភ
កើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភផងដែរ។
ទីភ្នាក់ងារនេះបានកំណត់អត្តសញ្ញាណប្រទេសចំនួន
៦១ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៅច្រកសមុទ្រហ័រមូស
ដោយភាគច្រើនជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពល និងស្បៀងអាហារ
ដូចជាប្រទេសយេម៉ែនជាដើម។ ឆ្លើយតបនឹងបញ្ហានេះ UNCTAD បានអំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ
ដល់បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត
ដើម្បីអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនេះបាន៕

Post a Comment