អេមីរ៉ាតអារ៉ាប់រួម បង្កើនការនាំចេញប្រេងក្នុងទំហំបំបែកកំណត់ត្រា ក្រោយចាកចេញពីអង្គការ OPEC
ឌូបៃ៖ ទិន្នន័យបឋមពីស្ថាប័នតាមដាននាវាចរណ៍ Kpler និង Vortexa បានបង្ហាញថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានបង្កើនការនាំចេញប្រេងឆៅ និងកំណកឧស្ម័នធម្មជាតិ (Condensate) ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងខែមិថុនា ភ្លាមៗបន្ទាប់ពីប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រមួយនេះ បានចាកចេញពីអង្គការ OPEC។
ការសម្រេចចិត្តបញ្ចប់សមាជិកភាពជិត
៦០ឆ្នាំពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃទី០១
ខែឧសភា ចំពេលមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់
គឺធ្វើឡើងក្នុងគោលបំណងទាញយកប្រយោជន៍ជាអតិបរមាពីធនធានរបស់ខ្លួន
ដោយមិនចាំបាច់រងការរឹតត្បិតកូតាផលិតកម្មពីអង្គការនេះទៀតឡើយ។ ទន្ទឹមនឹងនេះ
ដើម្បីបញ្ចៀសការរាំងខ្ទប់ច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់
ក្រុមហ៊ុនប្រេងរដ្ឋអាប៊ុយដាប៊ី (ADNOC) បានបង្កើតសេវាកម្មដឹកជញ្ជូន
ដោយតម្រូវឱ្យនាវាបិទប្រព័ន្ធតាមដាន (Transponders) ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារ
អំឡុងពេលធ្វើដំណើរឆ្លងកាត់តំបន់ឈូងសមុទ្រ។
លោក ចូហានេស រ៉ាបល (Johannes
Rauball) អ្នកវិភាគប្រេងជាន់ខ្ពស់នៅស្ថាប័ន Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅ និងកំណកឧស្ម័នធម្មជាតិពី UAE ក្នុងខែនេះ មានជាមធ្យមប្រមាណ ៣,៧លានធុងក្នុងមួយថ្ងៃ
ដែលជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា និងខ្ពស់ជាងកម្រិត ៣,១លាន
ទៅ ៣,៣លានធុង មុនពេលជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងទៅទៀត។
គួររំលឹកថា កម្រិតនាំចេញខ្ពស់បំផុតចុងក្រោយរបស់ UAE គឺ ៣,៤៤លានធុងក្នុងមួយថ្ងៃ ដែលសម្រេចបានកាលពីខែមេសា ឆ្នាំ២០២០
កំឡុងពេលមានសង្គ្រាមតម្លៃប្រេងដ៏ខ្លីរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី៕ (Reuters)

Post a Comment