ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ៖ ការទទួលរក្សាទុកសម្ភារៈពាក់ព័ន្ធនឹងបណ្តាញ Scam Online អាចប្រឈមទោសទណ្ឌតាមច្បាប់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសារក្រើនរំលឹក
និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់
ចំពោះការទទួលបញ្ញើ ឬរក្សាទុកសម្ភារៈបច្ចេកវិទ្យាផ្សេងៗ ពីជនសង្ស័យ
ឬជនមិនស្គាល់អត្តសញ្ញាណ។
លោកស្នងការ បានបញ្ជាក់ថា រាល់ការទទួលរក្សាទុកសម្ភារៈ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) គឺអាចនឹងត្រូវរងការចោទប្រកាន់ និងប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន ក្នុងនាមជាអ្នកសមគំនិត ឬពាក់ព័ន្ធនឹងបទល្មើស។
ដើម្បីជៀសវាងការធ្លាក់ខ្លួនចូលក្នុងអន្ទាក់បទល្មើសដោយអចេតនា
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ៖ ជៀសវាងដាច់ខាតការទទួលរក្សាសម្ភារៈ
ឬបញ្ញើដែលមិនមានប្រភពច្បាស់លាស់។
ប្រសិនបើជួបករណីសង្ស័យ ឬមានគេមកពឹងពាក់ឲ្យទទួល សម្ភារៈ
ដែលមានសញ្ញាណមិនប្រក្រតី សូមរាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ចជំនាញ
ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។
សូមជម្រាបថា ការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ
គឺជាកម្លាំងស្នូលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសបច្ចេកវិទ្យា
ធានាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូល៕


Post a Comment