ត្រាំ គំរាមវាយកម្ទេចភ្នំ Pickaxe ដែលជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចភ្នំ ភីកអេស (Pickaxe Mountain) នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានថាទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃបំផុត។
នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី
The Hugh Hewitt Show លោក ត្រាំ
បានសង្កត់ធ្ងន់ថា៖ «យើងនឹងកម្ទេចភ្នំ Pickaxe។ សូមប្រាប់ពួកអ៊ីរ៉ង់ឱ្យត្រៀមខ្លួនទៅ»។
លោកបានបន្ថែមថា អាមេរិកកំពុងតាមដានទីតាំងនេះយ៉ាងយកចិត្តទុកដាក់
និងតែងតែវាយប្រហារកម្ទេចរាល់ពេលដែលលេចឮព័ត៌មានពីសកម្មភាពនុយក្លេអ៊ែរនៅទីនោះ
ហើយលោកជឿជាក់ថាអាមេរិកនឹងសាកល្បងវាយប្រហារទីតាំងនេះម្តងទៀតក្នុងពេលឆាប់ៗ។
សូមជម្រាបថា
ភ្នំ Pickaxe ស្ថិតនៅក្បែរមជ្ឈមណ្ឌលចម្រាញ់អ៊ុយរ៉ាញ៉ូម
ណាតាន់ (Natanz) របស់អ៊ីរ៉ង់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទីតាំងនេះគឺជារនាំងការពារដ៏រឹងមាំបំផុត ដែលមានបណ្តាញរូងក្រោមដីដ៏ជ្រៅចំនួនពីរ
ដែលក្រុមអ្នកជំនាញវាយតម្លៃថា
អាចធន់នឹងកម្លាំងទម្លុះទម្លាយរបស់គ្រាប់បែកកម្ទេចត្រង់សេ (Bunker Buster
Bombs) ដ៏មានអានុភាពបំផុតរបស់សហរដ្ឋអាមេរិកទៅទៀត។
មុនការព្រមាននេះ
លោក ត្រាំ ក៏ទើបតែបានប្រកាសបន្តការបិទខ្ទប់នាវាចរណ៍អ៊ីរ៉ង់នៅឈូងសមុទ្រ
និងអះអាងថានឹងគ្រប់គ្រងច្រកសមុទ្រហ័រមូស ដោយទារកម្រៃឆ្លងកាត់
បន្ទាប់ពីភាគីទាំងពីរបានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនដាក់គ្នាទៅវិញទៅមក។
លោកបានគំរាមចុងក្រោយថា៖ «យើងនឹងវាយប្រហារពួកគេឱ្យចាស់ដៃនៅយប់នេះ
និងនៅថ្ងៃស្អែកបន្តទៀត។ ពួកគេគ្មានផ្លូវអាចធ្វើអ្វីយើងបានឡើយ»៕ (Reuters)

Post a Comment