Netanyahu គំរាមវាយប្រហារយ៉ាងសាហាវបំផុត បើអ៊ីរ៉ង់ហ៊ានតែប៉ះអ៊ីស្រាអែល

ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានគំរាមថានឹងបើកវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើតេហេរ៉ង់ហ៊ានបើកការវាយប្រហារណាមួយលើប្រទេសរបស់លោក។

ថ្លែងនៅឯសន្និសីទមួយក្នុងទីក្រុង Dimona លោក Netanyahu បានផ្ដាំទៅកាន់មេដឹកនាំអ៊ីរ៉ង់ថាប្រសិនបើហ៊ានតែប៉ះអ៊ីស្រាអែល នោះអ៊ីស្រាអែលនឹងបើការវាយប្រហារ​ដ៏សាហាវបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ពោលគឺខ្លាំងជាងការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈទៅទៀត។ Dimona ជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែល ដែលត្រូវបានគេជឿជាក់ថាជាកន្លែងរក្សាទុកឃ្លាំងអាវុធនុយក្លេអ៊ែរដែលអ៊ីស្រាអែលមិនដែលទទួលស្គាល់ជាសាធារណៈឡើយ។

ការគំរាមរបស់លោក Netanyahu ទៀតសោត ធ្វើឡើងចំពេលសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ និងខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ អនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារផងដែរលើទីក្រុងកំពង់ផែ Bushehr របស់អ៊ីរ៉ង់ ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់អ៊ីរ៉ង់ស្ថិតនៅ៕ (AFP)



Powered by Blogger.