មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ច្រានចោលការផ្សាយមួយលើបណ្តាញសង្គម និងអំពាវនាវឱ្យផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានបានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការ ដើម្បីឆ្លើយតបចំពោះខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយដោយគណនីហ្វេសប៊ុក កងមាស ញូស៍ TV Online កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមចំណងជើងថា៖ ឈ្មោះជឿន ជិះឡានរដ្ឋ ធ្វើបាបពលរដ្ឋ រាស្រ្ត នៅខេត្តមណ្ឌលគិរី តើថ្នាក់ដឹកនាំទុកមន្ត្រីរូបនេះដើម្បីអ្វី?តាមសេចក្តីបំភ្លឺ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបដិសេធ និងច្រានចោលខ្លឹមសារ នៃការផ្សាយខាងលើ ដោយចាត់ទុកថា អាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការមន្ទីរបរិស្ថានខេត្ត បង្កឱ្យសាធារណជនមានការយល់ច្រឡំ និងអាចជះឥទ្ធិពលមិនល្អដល់ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន និងធនធានធម្មជាតិ។ មន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទឹម ជឿន អនុប្រធានការិយាល័យ រួមជាមួយមន្ត្រីជំនាញដែនជម្រកសត្វព្រៃស្រែពក បានចុះអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចវត្តដេអេ ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ។
ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានប្រទះឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើមួយគ្រឿង ហើយបានបញ្ជាឱ្យឈប់ ដើម្បីត្រួតពិនិត្យ។ ទោះជាយ៉ាងណា ជនសង្ស័យមិនបានឈប់តាមការណែនាំនោះទេ ប៉ុន្តែបានបើកគេចចូល ទៅក្នុងចម្ការចេក និងរត់គេចខ្លួនបាត់។ បន្ទាប់មក សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ឈើសុក្រម ៧សន្លឹក និងដុំឈើសុក្រម ១វង់ ដើម្បីរក្សាទុក និងអនុវត្តនីតិវិធីបន្តតាមច្បាប់។
ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក កងមាស ញូស៍ TV Online ធ្វើការកែសម្រួលខ្លឹមសារ ដែលបានផ្សព្វផ្សាយ ឱ្យស្របតាមការពិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រមទាំងទទួលខុសត្រូវចំពោះព័ត៌មានដែលបានចុះផ្សាយ។
សូមជម្រាបថា ខ្លឹមសារខាងលើ គឺជាការបំភ្លឺជាផ្លូវការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ករណីនេះ សារព័ត៌មាននឹងបន្តតាមដាន និងផ្សព្វផ្សាយរាល់ការបកស្រាយ ឬព័ត៌មានពាក់ព័ន្ធពីគ្រប់ភាគី ដើម្បីធានាឱ្យការផ្សព្វផ្សាយព័ត៌មានមានតុល្យភាព ត្រឹមត្រូវ និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន៕





Post a Comment