អ៊ីរ៉ង់ព្រមានចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើកប៉ាល់របស់ខ្លួននៅសមុទ្រ Caspian
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានព្រមានថាប្រទេសរបស់លោកនឹងចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើកប៉ាល់មួយគ្រឿងរបស់អ៊ីរ៉ង់ក្នុងតំបន់សមុទ្រ Caspian។
ការប្រកាសរបស់លោក Araghchi
ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
បាននិយាយថាទីក្រុងកៀវបានដឹកនាំការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងតំបន់សមុទ្រ Caspian
ប្រឆាំងនឹងកប៉ាល់ដែលលោកអះអាងថាមានដឹកបរិក្ខារយោធារបស់អ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Araghchi បានលើកឡើងដូច្នេះថា «ហ្សេលេនស្គីបានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់
ដោយសម្លាប់នាវិកម្នាក់...នេះជាទង្វើបំពានលើធម្មនុញ្ញ UN ដែលធ្វើឡើងជួសមុខឱ្យអ៊ីស្រាអែលដើម្បីអូសទាញឱ្យអឺរ៉ុបធ្លាក់ចូលក្នុងសង្រ្គាមរបស់ខ្លួន»។
លោក Araghchi បានបន្ថែមថា
រូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja
Kallas និងសមភាគីរុស្ស៉ី លោក Sergei Lavrov ដោយគូសបញ្ជាក់ថាអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន។
បើតាមក្រសួងការបរទេសអ៊ីរ៉ង់
ការវាយប្រហារលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian
បានបណ្ដាលឱ្យនាវិកម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
ខាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនវិញបានអះអាងថាការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនធ្វើឡើងប្រឆាំងនឹងកប៉ាល់ដែលជាប់ទណ្ឌកម្មអន្តរជាតិ
និងដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធារវាងអ៊ីរ៉ង់ និងរុស្ស៉ី៕

Post a Comment