នាយករដ្ឋមន្ត្រីវៀតណាមគាំទ្រ និងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
វៀតណាម៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។
សម្តេចរដ្ឋសភាធិបតី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី
ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងឱកាសនេះ។
ជំនួបនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជម្រៅនៃ «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ
និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ និងយូរអង្វែង»
រវាងប្រទេសយើងទាំងពីរ
ដែលតែងតែប្រកៀកស្មារួមសុខរួមទុក្ខជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក។
ឯកឧត្តម ឡេ មិញ ហ៊ុង
សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទាំងអស់
ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។ ឯកឧត្តម
បានបញ្ជាក់ថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
ដែលទទួលបានការគាំទ្រពេញទំហឹងនោះ កម្ពុជានឹងសម្រេចគោលដៅនៃការអភិវឌ្ឍជាមិនខានឡើយ។
វៀតណាមបន្តអនុវត្តឱ្យបានសម្រេចនូវការឯកភាពគ្នារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា
និងវៀតណាម និយាយដោយឡែក និងនិយាយជារួមរវាងថ្នាក់ដឹកនាំប្រទេសទាំងបី កម្ពុជា ឡាវ
និងវៀតណាម ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា
បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រី ពីការអះអាងជាថ្មីរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាម
ដែលសម្តេចបានជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកមិញ
ដោយបានបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងកម្រិតជាតិ និងក្រោមជាតិ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាង សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ុង កាលពីខែមិថុនា ឆ្នាំ២០២៦
ថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងទទួលបាននូវលទ្ធផលសំខាន់ៗ
ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើវិស័យពាណិជ្ជកម្ម
វិនិយោគ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ប្រមុខដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន
និងប្រជាជន ព្រមទាំងពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទំហំ ២០ ពាន់លានដុល្លារ
នាពេលអនាគត។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម
បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា
ដោយមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបានណែនាំក្រសួងស្ថាប័នទាំងអស់អនុវត្តជាបន្ទាន់រាល់កិច្ចព្រមព្រៀងទាំងអស់នោះ
ដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងសងខាង។ ឯកឧត្តម
បានស្នើសម្តេចប្រធានរដ្ឋសភាបន្តជំរុញលើកទឹកចិត្តឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាក្នុងជួរថ្នាក់ដឹកនាំប្រទេសទាំងពីរជាបន្តទៀត។
វៀតណាមគាំទ្រចំពោះគម្រោងលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ ភាគីវៀតណាមក៏បានអរគុណកម្ពុជា ដែលបានគាំទ្រ
និងផ្តល់កិច្ចសហការជាមួយវៀតណាម ក្នុងបេសកកម្មរុករកអដ្ឋិធាតុយុទ្ធជនវៀតណាម
ដែលបានពលីនៅកម្ពុជា។
រដ្ឋសភាសូមអបអរសាទរ
និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា
ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ និងលើសពីការរំពឹងទុក។ នៅឆ្នាំ២០២៥
ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១១,៣៣
ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ២០២៦ នេះ មានការរំពឹងថា នឹងកើនឡើងរហូតដល់ជាង
១២ ពាន់លានដុល្លារអាមេរិក។ កម្ពុជា-វៀតណាម
បានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ
និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា
កម្ពុជាស្វាគមន៍ និងបន្តជំរុញបង្កលក្ខណៈងាយស្រួលជូនបន្ថែមទៀតដល់វិនិយោគិនបរទេស
និងអ្នកទេសចរវៀតណាម មកវិនិយោគ និងទស្សនាកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
សម្តេចបានស្នើឱ្យប្រទេសវៀតណាមពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការវិនិយោគនៅកម្ពុជា
ដូចជាវិស័យកសិកម្ម អប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។
ក្រៅពីពាណិជ្ជកម្ម ឆ្លៀតក្នុងឱកាសនោះ
សម្តេចរដ្ឋសភាធិបតី
បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ
ដោយសម្តេចបានថ្លែងអំណរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត
និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ហើយវៀតណាមនៅតែបន្តផ្តល់អាហារូបករណ៍
និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា
សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។
ជាមួយគ្នានេះ
សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ
បន្តចែករំលែកព័ត៌មានគ្នាឱ្យបានទាន់ពេលវេលា
និងសហការចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជា
បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចបានបន្តថា ប្រឈមនឹងឧបសគ្គពីការឈ្លានពានរបស់ប្រទេសជិតខាង
ក៏ដូចជាសង្គ្រាមសកលលោក កម្ពុជាបានខិតខំពង្រឹងសាមគ្គីជាតិ និងភាពធន់ជាតិ
ដើម្បីប្រែក្លាយឧបសគ្គជាឱកាសក្នុងការអភិវឌ្ឍជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី កំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តោតសំខាន់លើធនធានមនុស្ស
និងការពង្រឹងសហគ្រាសខ្នាតតូច និងមធ្យមជាដើម
ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០
ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍។
សម្តេចរដ្ឋសភាធិបតី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម
ដែលបានគាំទ្រឱ្យមានដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
សូមមិត្តវៀតណាមបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ក្នុងការអនុវត្តដំណើរការសន្តិភាព ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
ព្រមទាំងតួនាទីរបស់ AOT ផងដែរ។
វៀតណាមមានជំនឿនិងត្រៀមចូលរួមដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានិងថៃ
ដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងពេលឆាប់ៗខាងមុខនេះ៕






Post a Comment