វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន
ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានរៀបចំជំនួបពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់ និងស្តាប់របាយការណ៍ស្តីពីចំណាប់អារម្មណ៍របស់គណៈប្រតិភូសង្គមស៊ីវិលកម្ពុជា ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេល២០ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការឈ្វេងយល់ពីបទពិសោធន៍ជោគជ័យក្នុងការស្តារ និងអភិវឌ្ឍជនបទ។
ជំនួបនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញអំពីបទពិសោធន៍ និងចំណាប់អារម្មណ៍ដែលទទួលបានពីការសិក្សាឈ្វេងយល់នៅភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ដោយបានឃើញដោយផ្ទាល់ពីសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រស្តារជនបទ ការលើកកម្ពស់វិស័យកសិកម្មទំនើប ការអភិវឌ្ឍឧស្សាហកម្មជនបទ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអភិរក្សបរិស្ថាន និងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ដួង វិរ័ត្ន បានវាយតម្លៃថា ភាពជោគជ័យរបស់ប្រទេសចិនក្នុងការស្តារ និងអភិវឌ្ឍជនបទ គឺកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យ ការធ្វើផែនការរយៈពេលវែង ការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់គុណភាពជីវិតប្រជាជន។
ឯកឧត្តម ដួង វិរ័ត្ន បានកោតសរសើរចំពោះមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានបន្តគាំទ្រកម្មវិធីផ្លាស់ប្តូរ និងកសាងសមត្ថភាពដល់មន្ត្រី និងសង្គមស៊ីវិលកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែធ្វើឱ្យគណៈប្រតិភូបានសិក្សាបទពិសោធន៍ជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយល់ដឹងអំពីគំរូអភិវឌ្ឍន៍របស់ប្រទេសចិន ដែលអាចដកស្រង់មេរៀនសមស្របមួយចំនួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងជនបទនៅកម្ពុជា ស្របតាមបរិបទជាក់ស្តែង។
ឯកឧត្តមបានបន្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល និងសកម្មភាពនានា ដើម្បីពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Wang Yahui បានសាទររីករាយចំពោះលទ្ធផលដ៏ជោគជ័យនៃដំណើរទស្សនកិច្ចសិក្សា និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា។ លោកស្រីបានលើកឡើងថា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន ហើយមូលនិធិនឹងបន្តគាំទ្រគម្រោងដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រីបានបន្ថែមថា បទពិសោធន៍ដែលគណៈប្រតិភូទទួលបានពីប្រទេសចិន នឹងក្លាយជាចំណេះដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសង្គមស៊ីវិលរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ជំនួបពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាពធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីរួមចំណែកកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕





Post a Comment