ក្រសួងព័ត៌មាន ពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួង កំណត់តួនាទី និងសមត្ថកិច្ចឱ្យបានច្បាស់លាស់លើវិស័យព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការកំណត់តួនាទី និងសមត្ថកិច្ចរបស់ក្រសួងទាំងពីរ ឱ្យមានភាពច្បាស់លាស់លើការគ្រប់គ្រងវិស័យផ្សព្វផ្សាយ ទូរគមនាគមន៍ និងប្រេកង់វិទ្យុ តាមរយៈសេចក្តីព្រាងប្រកាសអន្តរក្រសួងមួយ ដែលមានគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ន និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិ។
សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន
និងក្រសួង ប្រៃសណីយនិងទូរគមនាគមន៍
ត្រូវបានពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាទីស្តីការក្រសួង។
កិច្ចប្រជុំនេះ
ធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
លើគោលការណ៍សំខាន់ៗចំនួន ៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
និងកំណត់ឱ្យបានច្បាស់នូវតួនាទី និងសមត្ថកិច្ចរៀងៗខ្លួន។
យោងតាមសេចក្តីព្រាងប្រកាសអន្តរក្រសួង
ក្រសួងព័ត៌មាននឹងបន្តទទួលខុសត្រូវលើការរៀបចំគោលនយោបាយ
និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងគ្រប់គ្រង
និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងឯកជននៅទូទាំងប្រទេស។
ក្រសួងព័ត៌មាន
ក៏មានភារកិច្ចគ្រប់គ្រងប្រេកង់វិទ្យុដែលត្រូវបានបម្រុងទុកសម្រាប់សេវាផ្សព្វផ្សាយ
កំណត់ស្តង់ដារបច្ចេកទេសនៃការប្រើប្រាស់ប្រេកង់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ
ព្រមទាំងផ្តល់ ផ្អាក ឬដកហូតអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
លើសពីនេះ
ក្រសួងព័ត៌មាន នឹងគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធបញ្ជូនសញ្ញាផ្សព្វផ្សាយ
បង្គោលអង់តែន និងកម្រិតថាមពលបញ្ជូនសញ្ញា ព្រមទាំងធ្វើបច្ចុប្បន្នភាព
និងបែងចែកឡើងវិញនូវប្រេកង់សម្រាប់ការផ្សព្វផ្សាយ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា
តម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្តង់ដាររបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ដោយឡែកក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ នឹងបន្តទទួលខុសត្រូវលើការរៀបចំគោលនយោបាយជាតិ វិស័យទូរគមនាគមន៍
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍។
ភារកិច្ចរបស់ក្រសួងនេះ
រួមមានការគ្រប់គ្រងធនធានប្រេកង់វិទ្យុជាតិ ប្រេកង់ផ្កាយរណប
និងទីតាំងគន្លងគោចរផ្កាយរណប ការសម្របសម្រួលកិច្ចការគ្រប់គ្រងប្រេកង់ជាមួយអន្តរជាតិ
និងការចុះបញ្ជីប្រេកង់វិទ្យុរបស់ព្រះរាជាណាចក្រកម្ពុជា
ក្នុងបញ្ជីអន្តរជាតិគោលប្រេកង់វិទ្យុ។
ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ ក៏នឹងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការបែងចែក
និងរៀបចំបែងចែកឡើងវិញនូវធនធានប្រេកង់វិទ្យុ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា
និងស្តង់ដារអន្តរជាតិ។
រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ
មានគោលបំណងធ្វើឱ្យកិច្ចព្រមព្រៀងរវាងក្រសួងទាំងពីរ ក្លាយជាលិខិតបទដ្ឋានផ្លូវការ
និងពង្រឹងការសម្របសម្រួលក្នុងការអនុវត្តតួនាទី
និងសមត្ថកិច្ចរបស់ក្រសួងនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រី
បានបញ្ជាក់ដែរថា តាមក្របខណ្ឌដែលបានឯកភាពគ្នា ក្រសួងព័ត៌មាន
នឹងទទួលខុសត្រូវលើកិច្ចការពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ
ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងទទួលខុសត្រូវលើវិស័យទូរគមនាគមន៍
និងកិច្ចការផ្សេងៗដែលស្ថិតក្រោមសមត្ថកិច្ចស្របច្បាប់របស់ខ្លួន។
ឯកឧត្តមបានបន្ថែមថា បន្ទាប់ពីពិនិត្យ និងកែលម្អរួច សេចក្តីព្រាងប្រកាសអន្តរក្រសួង
ដែលផ្តួចផ្តើមរៀបចំដោយក្រសួងព័ត៌មាន នឹងត្រូវបញ្ជូនទៅក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ ដើម្បីពិនិត្យរួម មុននឹងចុះហត្ថលេខាប្រកាសដាក់ឱ្យអនុវត្តរួមគ្នា៕



Post a Comment