ចិនកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ក្រោយការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ជុំវិញឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង កាលពីមួយថ្ងៃមុន។

កាលពីថ្ងៃចន្ទ ចិននិងហ្វីលីពីនបានចោទប្រកាន់គ្នាទៅវិញទៅមក បន្ទាប់ពីមានការប៉ះទង្គិចរវាងទូករបស់ពួកគេ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។ ទីក្រុងម៉ានីលបាននិយាយថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំក្បាល ខណៈទីក្រុងប៉េកាំងបានអះអាងថា ទីក្រុងម៉ានីលជាអ្នកបង្កហេតុ។

ក្រសួងការបរទេសចិន បាននិយាយថា «ភាគីហ្វីលីពីនបានបង្កហេតុមុន ប៉ុន្តែបែរជាបង្វែរស្ថានការណ៍មកចោទប្រកាន់វិញ បំភ្លៃការពិត និងផ្សព្វផ្សាយព័ត៌មានមិនពិត»។ ឆ្មាំសមុទ្រចិន (CCG) បាននិយាយកាលពីថ្ងៃចន្ទថា ទូកពោងពីរគ្រឿងបញ្ជូនចេញពីខ្មោចនាវាយោធា BRP Sierra Madre ដែលហ្វីលីពីនទុកចោល បានមកបើកបំបុកទូកល្បាតចិនមួយគ្រឿង នៅសមុទ្រចិនខាងត្បូង ហើយកងកម្លាំងហ្វីលីពីន បានផ្តើម «ការវាយប្រហារដ៏អាក្រក់» មកលើមន្ត្រីអនុវត្តច្បាប់ចិន ដោយប្រើដងចែវ និងដំបងវែង។

ក្រសួងការបរទេសចិន បានហៅសកម្មភាពរបស់ហ្វីលីពីនថា ជាកំហុសមួយមានលក្ខណៈធ្ងន់ធ្ងរ។ ទីក្រុងម៉ានីល បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានវាយប្រហារបុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួនយ៉ាងខ្លាំង ចំក្បាលដោយដំបងឈើ អំឡុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ហើយបាននិយាយថា ទូកពោងរបស់កងទ័ពជើងទឹកខ្លួន មួយគ្រឿងបានរងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កាលពីថ្ងៃអង្គារ CCG បាននិយាយថា ប្រទេសចិនបានអនុញ្ញាតឱ្យភាគីហ្វីលីពីន ដឹកជញ្ជូនអ្នកដែលរងរបួស តាមរយៈទូកតូចពីនាវា Sierra Madre ក្រោម «ការយោគយល់មនុស្សធម៌»។ អ្នកនាំពាក្យ CCG លោក Jiang Lue បន្តថា «CCG បានសាកសួរ និងផ្ទៀងផ្ទាត់ទូកហ្វីលីពីន ព្រមទាំងបានតាមដានដំណើរការទាំងមូល» ហើយប្រទេសចិននឹងបន្តអនុវត្ត «ប្រតិបត្តិការការពារសិទ្ធិ និងអនុវត្តច្បាប់» នៅក្នុងដែនទឹកក្បែរតំបន់ Second Thomas Shoal ដែលជាតំបន់មានជម្លោះ។

ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់ CCG និងក្រសួងការបរទេសចិននោះទេ។ ប៉ុន្តែយោធាហ្វីលីពីននៅថ្ងៃអង្គារនេះ បានហៅការអះអាងរបស់ចិនថា «មិនពិត និងបំភាន់» ដោយនិយាយថា បុគ្គលិករបស់ខ្លួន មិនបានផ្តើមការប្រឈមមុខដាក់គ្នាណាមួយឡើយ៕ (Reuters)



 

Powered by Blogger.