សម្ដេចធិបតី ប្រកាសថា គ្មានការកាត់បន្ថយក្រសួង-ស្ថាប័ន របស់រដ្ឋនោះទេ តែ ក្រសួង-ស្ថាប័ន ត្រូវវិភាគមុខងារ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា គ្មានការកាត់បន្ថយ ក្រសួង-ស្ថាប័ន របស់រដ្ឋនោះទេ ប៉ុន្ដែ ក្រសួង-ស្ថាប័ន នីមួយៗ ត្រូវវិភាគមុខងារ តាមស្ថាប័នរៀងៗខ្លួន។

ការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយមានបណ្ដាញមួយចំនួន លើកឡើងថា មានការបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅរក្សាគោលនយោបាយដើមដដែល មិនមានការច្របាច់បញ្ចូលគ្នា នៃក្រសួង ស្ថាប័នរបស់រដ្ឋឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប៉ុន្មានថ្ងៃនេះ ឃើញគេផ្សាយថា កាត់ក្រសួង បង្រួមក្រសួង ទម្លាក់ក្រសួងទៅជាអគ្គនាយកដ្ឋាន។ ខ្ញុំ សូមបញ្ជាក់ អ្នកដែលបង្កើតរឿង គឺគ្មាន ការកំណែងទម្រង់ គោលនយោបាយ យើងដាក់ចេញពីដើមទី នៅដដែល ទីមួយ គ្មានការកាត់ក្រសួង ស្ថាប័នទេ នៅដដែល។ ប៉ុន្ដែក្រសួង ស្ថាប័ន នីមួយៗ ត្រូវវិភាគមុខងារ អាចមានការកាត់ នាយកដ្ឋាន ដើម្បីពង្រឹងឱ្យចំ សម្រួចឱ្យចំ»៕



Powered by Blogger.