អភិបាលរងខេត្តតាកែវសំណូមពរនិយ័តករធានារ៉ាប់រងកម្ពុជាជំរុញការបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តតាកែវបន្ថែមទៀតដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ

ខេត្តតាកែវ៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ចនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តតាកែវ លោក ម៉ម កាយអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជុំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តតាកែវបន្ថែមទៀតសំដៅលើការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបង្កើតបរិយាកាសធុរៈកិច្ចឲ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។


 
លោកអភិបាលរងខេត្តក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និង ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្តតាកែវ តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូន ដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តតាកែវ ដែលមានតម្រូវការ ដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្តារាជធានី-ខេត្តដទៃទៀត និង ឆ្លងកាត់ព្រំដែន។

   គួររំលឹកផងដែរថា និយតករធានារ៉ប់រងកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ចនៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងឲ្យកាន់តែទូលាយដល់សាធារណជន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន,សំខាន់រួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកទទួលការធានារ៉ាប់រង តាមរយៈការបង្ហាញពីមូលដ្ឋានគ្រឹះ ប្រភេទអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ប់រងកម្ពុជា។

   សិក្ខាសាលាដ៏មានសារសំខាន់ខាងលើនេះមានការចូលរួមពីលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ម៉ម កាយ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ រួមទាំងតំណាងក្រុមការងារអន្តរក្រសួង មន្ទីរជំនាញ អាជ្ញាធរមានសមត្ថកិច្ច និងគ្រឹះស្ថានឯកជនពាក់ព័ន្ធានាក្នុងខេត្តតាកែវផងដែរ៕
























 

Powered by Blogger.