អ៊ីរ៉ង់ និងកាតា ចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រឡើងវិញ ក្រោយអាក់ខានជាង ៥ខែ
ឌូបៃ៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំនៅទីក្រុងដូហា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យថា ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងប្រទេសអ៊ីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ។
កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងទីក្រុងតេហេរ៉ង់
និងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខាកាលពីខែមុន បានបញ្ចប់នូវជម្លោះរយៈពេល ៤ខែមកនេះ
ហើយបានតម្រូវឱ្យមានការស្តារឡើងវិញនូវនាវាចរណ៍នៅតំបន់ឈូងសមុទ្រ ទោះបីជាការធ្វើដំណើរចេញចូលនៅតែមានភាពចម្រូងចម្រាសក៏ដោយ។
លោក អាប់បាស អាប់ដុលខានី (Abbas Abdolkhani) បានបញ្ជាក់ថា
ការដឹកជញ្ជូនរវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al
Ruwais របស់កាតា បានដំណើរការឡើងវិញ
ក្រោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថានទូតអ៊ីរ៉ង់ និងអាជ្ញាធរកាតា។
សូមជម្រាបថា
កំពង់ផែទាំងពីរដែលស្ថិតនៅទល់មុខគ្នានេះ
ដើរតួនាទីយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ខណៈដែលកំពង់ផែ Dayyer
ធ្លាប់រងការវាយប្រហារជាច្រើនលើកអំឡុងពេលសង្គ្រាម។
ស្របពេលជាមួយគ្នានេះ កាលពីចុងខែមិថុនា
មន្ត្រីនៃអង្គការពង្រីកពាណិជ្ជកម្មអ៊ីរ៉ង់ក៏បានឱ្យដឹងដែរថា
ទំនិញរបស់អ៊ីរ៉ង់កំពុងត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីកំពង់ផែ Jebel Ali របស់អេមីរ៉ាតអារ៉ាប់រួម (UAE) ជាបណ្តើរៗហើយ
ដែលនេះបង្ហាញពីការវិលត្រឡប់រកភាពប្រក្រតីវិញនៃពាណិជ្ជកម្មរវាងប្រទេសនៅតំបន់ឈូងសមុទ្រទាំងសងខាង៕ (Reuters)
Post a Comment