ពលរដ្ឋជិត ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន នឹងទទួលបានតូបជាកម្មសិទ្ធិ ខណៈអាជ្ញាធរខេត្តនឹងបើកដំណើរការផ្សារក្នុងពេលឆាប់ៗនេះ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ក្រោមកិច្ចចង្អុលការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត សាលាដំបូងខេត្តកំពត រួមនឹងមន្ទីរជំនាញបានដាក់ចេញនូវយន្តការក្នុងការដោះស្រាយករណីពលរដ្ឋដែលបានទិញដីឡូត៍ ផ្ទះ និងតូបផ្សារពីក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជូនពលរដ្ឋ ដែលគិតមកទល់ពេលនេះពលរដ្ឋប្រមាណជាង ៥ពាន់នាក់បានដាក់ពាក្យស្នើសុំ ហើយប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ទទួលបានការដោះស្រាយ។

ដោយឡែកពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល ស្ថិតក្នុងស្រុកឈូកជាង ៤០០នាក់ទទួលបានតូបជាកម្មសិទ្ធិ ខណៈដែលអាជ្ញាធរខេត្តនឹងរៀបចំផ្សារនេះឱ្យដំណើរការនាពេលខាងមុខ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលដែលបានទិញតូបផ្សារបឹងនិមល របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណផ្សារបឹងនិមល ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពេលលេចធ្លាយរឿងពលរដ្ឋ ទិញដី ទិញផ្ទះ ទិញតូបផ្សារ រួមជាមួយនឹងការវិនិយោគសាច់ប្រាក់ជាមួយក្រុមហ៊ុន ជា សារ៉ន ហើយមិនបាន ដី ផ្ទះ តូប និងសាច់ប្រាក់វិនិយោគមកវិញ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ រួមនឹងកិច្ចចង្អុលការផ្ទាល់ទៅកាន់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យរៀបចំនីតិវិធីផ្លូវច្បាប់សម្រាប់ជួយដល់ពលរដ្ឋដែលរងគ្រោះទាំងអស់។ ក្រោយទទួលបានកិច្ចចង្អុលការពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត សាលាដំបូងខេត្ត និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈសាលាដំបូង ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើពាក្យស្នើសុំ និងកិច្ចសន្យាដែលមានភាពត្រឹមត្រូវដែលធ្វើឡើងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ហើយករណីមានភាពត្រឹមត្រូវច្បាស់លាស់ ពលរដ្ឋនិងទទួលបានការផ្តល់ជូននូវអ្វីដែលគាត់បានទិញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំមកទល់ពេលនេះ ពលរដ្ឋដែលបានដាក់ពាក្យមានចំនួន ៥ ១៤០នាក់ ដែលស្មើនឹង ៥ ៥៤៩ពាក្យស្នើសុំ ហើយតាមរយៈការពិនិត្យផ្ទៀងផ្ទាត់លើពាក្យសុំ និងកិច្ចសន្យាដែលមានភាពត្រឹមត្រូវដែលធ្វើឡើងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ជា សារ៉ន ឃើញថាក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដេលបានមកដាក់ពាក្យសុំខាងលើ ប្រជាពលរដ្ឋដែលត្រូវប្រគល់ជូនមានចំនួន ៤ ៧៦២ នាក់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយឡែកពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល នៅក្នុងឃុំបឹងនិមល ស្រុកឈូក ចំនួន ៤៤៨នាក់ និងទទួលបានតូបជាកម្មសិទ្ធិសម្រាប់ធ្វើការលក់ដូរ ដែលផ្សារនេះអាជ្ញាធរខេត្តនឹងរៀបចំប្រព័ន្ធទឹក ភ្លើង ឱ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីបើកដំណើរការលក់ដូរជាផ្សារបោះដុំ លក់ផលិតផលរបស់ប្រជាកសិករក្នុងតំបន់ ពិសេសផលិតផល ភូមិ១ ផលិតផល១ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ 

ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់បន្ថែមថា លទ្ធផលដែលទទួលបាននាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលសម្តេចមិនដែលទុកឱ្យពលរដ្ឋខ្លួនរងភាពអយុត្តិធម៌ពីសំណាក់ជនទុច្ចរិតមួយចំនួនតូច ឬទុកពលរដ្ឋរងគ្រោះចោលដោយមិនមានការគិតគូរនោះទេ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្រុមការងារមន្ទីរបានសហការជាមួយសាលាដំបូងខេត្តកំពត និងរដ្ឋបាលខេត្តកំពតបានទទួលពាក្យស្នើសុំចំនួន ៥ ៥៤៩ពាក្យស្នើសុំ ស្មើនឹង ៥ ១៤០នាក់ ដោយពលរដ្ឋដែលត្រូវប្រគល់ជូនមានចំនួន ៤ ៧៦២នាក់ ក្នុងនោះរួមមាន៖ ដីឡូត៍បង់ផ្តាច់ ចំនួន ២ ១៨៨នាក់ ស្មើនឹង ២ ៩៨៧ឡូត៍, ដីឡូត៍បង់រំលស់/សុំបង់ផ្តាច់បន្ត ចំនួន ១៣០នាក់ ស្មើនឹង ១៧២ឡូត៍, តូបបង់ផ្តាច់ ចំនួន ៣១៣នាក់ ស្មើនឹង ៤២៦តូប, តូបបង់រំលស់/សុំបង់បន្ត ចំនួន ៣៥នាក់ ស្មើនឹង ៥៤តូប រួមជាមួយនឹងពលរដ្ឋចូលរួមវិនិយោគ ដាក់ភាគហ៊ុន និងរំលស់សាងសង់ផ្ទះផងដែរ៕












 

Powered by Blogger.