សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន
ប៉េកាំង៖ នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន និងសហការី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។
នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធានសមាគមអំពីសក្តានុពល
និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online
Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន
ព្រមទាំងបានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្ត
និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន
គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ
និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍
តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក
កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ
និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស
ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។ ទន្ទឹមនឹងនេះ
សមាគមនឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍
និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា
ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌
និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព
និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ
បានធ្វើការចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត
និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។
គួរបញ្ជាក់ថា សមាគមជំរុញការអភិវឌ្ឍវប្បធម៌
និងសិល្បៈចិន គឺជាស្ថាប័នជាតិមួយរបស់ប្រទេសចិន
ដែលមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ
ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន
និងបណ្តាប្រទេសជាដៃគូជុំវិញពិភពលោក៕





Post a Comment