សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តមណ្ឌលគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ
មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន
អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង
ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តប្រមាណជា
៥០០នាក់។
សម្តេចតេជោ ហ៊ុន សែន
បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក
ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។
ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី
ខេត្តចំនួន១៩រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖
ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង
រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ
បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តក្រចេះ។
កម្មវិធីជួបសំណេះសំណាលនេះ
គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក
និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន
ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ
ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ
សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់
ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ
និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
ខេត្តមណ្ឌលគិរី
ជាខេត្តមួយស្ថិតនៅភាគឦសានប្រទេសកម្ពុជា មានចម្ងាយផ្លូវប្រវែង
៣៨២គីឡូម៉ែត្រពីរាជធារីភ្នំពេញ។ ខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបចំនួន
១៤.២៨៨គីឡូម៉ែត្រក្រឡា។ រដ្ឋបាលដែនដីចែកចេញជា ១ក្រុង (ក្រុងសែនមនោរម្យ)
និង៤ស្រុក (ស្រុកកែវសីមា, ស្រុកកោះញែក, ស្រុកអូររាំង និងស្រុកពេជ្រាដា) មាន ៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។
ខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋសរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើនឹង ២៧,២៨៥ គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា។
កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤ភាគរយ មានជនជាតិដើមភាគតិចចំនួន
៨អំបូរជនជាតិ រួមមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ កួយ និងថ្មូន។
ខេត្តមណ្ឌលគិរី
មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត
និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ ប្រទេស វៀតណាម
ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងខាងលិចជាប់ខេត្តក្រចេះ៕









Post a Comment