ពូទីន និង ត្រាំ ព្រមព្រៀងគ្នាសន្ទនាជាថ្មីក្នុងពេលឆាប់ៗនេះ
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាក្នុងការសន្ទនាតាមទូរស័ព្ទកាលពីចុងសប្តាហ៍ថា ពួកគេនឹងជជែកគ្នាជាថ្មីម្តងទៀតនៅពេលដ៏ខ្លីខាងមុខ ដែលអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ ក្នុងអំឡុងពេល ឬក្រោយកិច្ចប្រជុំកំពូលរបស់ណាតូ (NATO)។
យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក លោក ត្រាំ គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃពុធ ក្នុងប្រទេសតួកគី
ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម។ ប្រភពបានបង្ហើបថា លោក ត្រាំ
ទំនងជានឹងទាក់ទងទៅលោក ពូទីន បន្ទាប់ពីបញ្ចប់ជំនួបជាមួយមេដឹកនាំអ៊ុយក្រែន។
ឆ្លើយតបនឹងព័ត៌មាននេះ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានអះអាងពីការបន្តទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ និងបានកោតសរសើរលោក ត្រាំ
ថាមានជំហរច្បាស់លាស់ចំពោះជម្លោះនៅអ៊ុយក្រែន
ដោយច្រានចោលការរិះគន់ដែលថាលោកមានជំហរប្រែប្រួល។ លោក ប៉េសកូវ បានសង្កត់ធ្ងន់ថា
អ្វីដែលសំខាន់បំផុតនោះគឺ លោក ត្រាំ តែងតែបើកចំហរក្នុងការទទួលស្តាប់ការពន្យល់
និងព័ត៌មានពីសំណាក់លោក ពូទីន ជានិច្ច៕ (Reuters)

Post a Comment