ធនាគារជាតិនៃកម្ពុជា បន្ពពង្រឹងការងារការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបន្ពលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ក្រមសីលធម៌វិជ្ជាជីវៈ និងគោលការណ៍អភិបាលកិច្ចល្អ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស។
សកម្មភាពនេះបានធ្វើឡើងតាមរយៈការរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការពង្រឹងអភិបាលកិច្ច
និងឧត្ដមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ហើយកាលពីចុងសប្តាហ៍កន្លងមកនេះ
បានបើកសិក្ខាសាលាមួយនៅខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំតំបន់
និងសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន
និងបន្ទាយមានជ័យដែលមានបង្ហាញលើប្រធានបទ “ក្របខ័ណ្ឌកិច្ចការពារអតិថិជន
និងអភិបាលកិច្ច”។
សូមបញ្ជាក់ថាក្របខ័ណ្ឌកិច្ចការពារអតិថិជន
និងអភិបាលកិច្ច គឺជាគោលការណ៍ស្នូលដែលតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ
និងអាជីវកម្មនានា ត្រូវធានាសុវត្ថិភាពនិងសិទ្ធិអតិថិជន ការពង្រឹងទំនុកចិត្តសាធារណៈ
ការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងការដោះស្រាយវិវាទជូនអតិថិជន។
ធនាគារជាតិនៃកម្ពុជា
បានឆ្លើយតបយ៉ាងសកម្មទៅនឹងការងារ ក្របខ័ណ្ឌកិច្ចការពារអតិថិជន និងអភិបាលកិច្ច
ដោយផ្តោតលើការដាក់ចេញនូវបទប្បញ្ញត្តិ
និងការពង្រឹងសមត្ថភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយតម្លាភាព សីលធម៌វិជ្ជាជីវៈ
និងការការពារសិទ្ធិអតិថិជន។
ធនាគារជាតិនៃកម្ពុជា
បានគ្រប់គ្រងនិងស្វែងយល់ពីសេវារបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បី
ផ្តល់ព័ត៌មានច្បាស់លាស់ ទាក់ទងលក្ខខណ្ឌ និងតម្លៃការប្រាក់
មុនពេលឲ្យអតិថិជនសម្រេចចិត្តប្រើប្រាស់សេវាកម្ម ព្រមទាំងទប់ស្កាត់ការទារបំណុលបែបគំរាមកំហែង
និងការផ្សាយពាណិជ្ជកម្មបោកបញ្ឆោតដោយធនាគារជាតិនៃកម្ពុជាបង្កើតយន្តការដោះស្រាយបណ្តឹងតវ៉ា
របស់អតិថិជនឱ្យបានរហ័ស និងមានប្រសិទ្ធភាព។
សូមរម្លឹកថាតាំងពីដើមឆ្នាំ២០២៦មក
ធនាគារជាតិនៃកម្ពុជា បានចាត់វិធានការផ្អាកអាជីវកម្ម និងដាក់ឱ្យជម្រះបញ្ជី ចំពោះធនាគារព្រីនស៍
និង ធនាគារផេនដា ហើយបានតែងតាំង "អ្នកជម្រះបញ្ជី"
អតិថិជនដែលមានប្រាក់បញ្ញើ
និងតម្រូវឱ្យរៀបចំឯកសារបញ្ជាក់ដើម្បីស្នើសុំដកប្រាក់តាមនីតិវិធីច្បាប់
ខណៈអ្នកដែលបានខ្ចីប្រាក់នៅតែមានកាតព្វកិច្ចបង់ប្រាក់សងសាមីធនាគារនោះដដែល។
ទន្ទឹមនេះធនាគារជាតិបានលើកកម្ពស់អភិបាលកិច្ចល្អដោយ
តម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង
គ្រប់គ្រងហានិភ័យ និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
ដើម្បីទប់ស្កាត់ការផ្តល់កំចីលើសកម្រិត
និងការពារកុំឱ្យអតិថិជនធ្លាក់ក្នុងបំណុលវ័ន្តក៕

Post a Comment