មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ១០០ករណី ក្នុងរយៈពេល៦ខែ

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ចេញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែល ក្នុងរបាយការណ៍នោះបានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់លើការងារស្នូលចំនួនពីរ គឺការរឹតបន្តឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃ និងការជំរុញការយល់ដឹងពីបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងទូលំទូលាយ។

យោងតាមរបាយការណ៍ដែលខ្លីខ្លឹមទទួលបានឱ្យដឹងថា 

១. យុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ៖ 

ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មន្ទីរបានបង្រា្កបបទល្មើសធនធានធម្មជាតិ ចំនួន១២០ករណី និងរឹបអូសឈើល្មើសច្បាប់ជាច្រើននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចាត់វិធានការយ៉ាងចាស់ដៃទៅលើក្រុមជនល្មើស ដោយបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅតុលាការបានរហូតដល់ ១២០ ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់។ រឹបអូសឈើអារ និងឈើមូលចម្រុះប្រភេទប្រណិត និងលេខ១-២ (រួមមាន បេង, សុក្រម, ស្រឡៅ, ឈើទាល...) សរុបចំនួន ២ ០០៤ សន្លឹក/កំណាត់/ដុំ (ស្មើនឹង ៧០,៧៨៤ ម៉ែត្រគូប) រួមទាំងឈើជន្លង់ម្រេច ៤២៤ដើម និងអុសព្រៃចម្រុះ ១ស្ទែ។ អេស្កាវ៉ាទ័រ ២គ្រឿង, ត្រាក់ទ័រ ១គ្រឿង, រថយន្ត ៧គ្រឿង, គោយន្តកែច្នៃ/កន្ត្រៃ ១២គ្រឿង, ម៉ូតូ ៩២ គ្រឿង, រណាយន្ត (ម៉ាស៊ីនអារឈើ) ៧៨គ្រឿង និងអាវុធខុសច្បាប់/អាវុធកែច្នៃជាច្រើនដើម។ បានដោះនិងបំផ្លាញអន្ទាក់ខ្សែកាប និងខ្សែគោចំនួន ២,១៩២ ខ្សែ, បំផ្លាញឡធ្យូងខុសច្បាប់ ១៥ឡ, រុះរើរោងខុសច្បាប់ ២៨រោង។ ទន្ទឹមនឹងនោះ បានដោះលែងសត្វព្រៃរស់ (ស្វាក្តាម, អន្សង, ត្រដក់តូច, ពស់ថ្លាន់...) ចំនួន ២៥ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ។

២. យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «មិនប្រើថង់ប្លាស្ទិក»៖ ពលរដ្ឋជិត ៥,០០០នាក់ ចូលរួម។

ក្រៅពីវិធានការច្បាប់មន្ទីរបរិស្ថានខេត្តបាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងលើការផ្លាស់ប្តូរផ្នត់គំនិតសាធារណជន តាមរយៈការបង្កើតយុទ្ធនាការអប់រំបរិស្ថានជាបន្តបន្ទាប់ យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានរៀបចំឡើងចំនួន ៣០ លើក តាមបណ្តាសាលារៀនបឋមសិក្សាក្នុងក្រុងសែនមនោរម្យ, ស្រុកកោះញែក, ពេជ្រាដា, អូររាំង និងកែវសីមា ដោយមានលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការចូលរួមសរុប ៤,៩៥៦ នាក់។

យុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក»៖ បានរៀបចំសម្អាតផ្លូវបានប្រវែងសរុប ៩៨៤ គីឡូម៉ែត្រ ក្នុងក្រុងសែនមនោរម្យ និងស្រុកចំនួន៣ ទៀត ដោយប្រមូលបានកាកសំណល់សំរាមប្លាស្ទិកសរុប ៣,៧១៥ គីឡូក្រាម។

៣. បញ្ហាប្រឈម និងទិសដៅទៅមុខ
ទោះបីជាទទួលបានលទ្ធផលល្អសំបូរបែបក្តៅៗយ៉ាងណាក្តី មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ រួមមាន៖ ការលួចកាប់ និងដឹកជញ្ជូនឈើខុសច្បាប់, ការទន្ទ្រានដីព្រៃធ្វើកសិកម្ម, ការខ្វះខាតមធ្យោបាយ និងថវិកាក្នុងការដឹកជញ្ជូនវត្ថុតាងល្មើសច្បាប់មក រួមទាំងការយល់ដឹងរបស់ពលរដ្ឋមួយចំនួនតូចលើការចោលសំរាមពាសវាលពាសកាលនៅមានកម្រិត។

សម្រាប់ទិសដៅអនុវត្តបន្ត មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្តេជ្ញានឹងបង្កើនការល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីការពារធនធានធម្មជាតិ និងរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីក្រមបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕











 

Powered by Blogger.