កម្ពុជាចុះបញ្ជីគម្រោង វិនិយោគ២៧៦ ក្នុងទំហំទុន វិនិយោគប្រមាណ ៤,៧ប៊ីលានដុល្លារ ក្នុងឆមាសទី១

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចំនួន៧, និងគម្រោងវិនិយោគ នៅក្នុងបណ្តាតំបន់សេដ្ឋកិច្ច ពិសេសចំនួន៦៩។

ដោយឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕







Powered by Blogger.