នាយករដ្ឋមន្ត្រីលីបង់អះអាងថា កំពុងប្រឹងប្រែងដើម្បីជំរុញឱ្យអ៊ីស្រាអែលដកទ័ពចេញទាំងស្រុង
លីបង់៖ នាយករដ្ឋមន្ត្រីលីបង់ លោក ណាវ៉ាហ្វ សាឡាម (Nawaf Salam) នៅថ្ងៃពុធ បានប្រកាសថា រដ្ឋាភិបាលកំពុងប្រឹងប្រែងទាំងផ្នែកនយោបាយ និងការទូត ដើម្បីធានាឱ្យមាន «ការដកទ័ពចេញទាំងស្រុងរបស់កងទ័ពអ៊ីស្រាអែល» ពីភាគខាងត្បូងប្រទេស។ ការលើកឡើងនេះ ធ្វើឡើងក្នុងអំឡុងពេលលោកចុះសួរសុខទុក្ខកងទ័ពលីបង់ ដែលទើបតែដាក់ពង្រាយនៅភូមិ Zawtar al-Gharbiya ជាទីដែលកងទ័ពអ៊ីស្រាអែលធ្លាប់បានឈរជើងកន្លងមក។
ទស្សនកិច្ចនេះកើតឡើងមួយថ្ងៃ
បន្ទាប់ពីប្រធានាធិបតីលីបង់ លោក ចូសែហ្វ អូន (Joseph Aoun) បានស្នើដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន
ឱ្យជួយជំរុញការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់។ ក្រោមកិច្ចព្រមព្រៀងសន្តិភាព
កងទ័ពលីបង់ត្រូវរំសាយអាវុធក្រុមហេសបូឡា
ចំណែកអ៊ីស្រាអែលត្រូវដកទ័ពចេញពីតំបន់កំណត់ទុក
មុននឹងប្រគល់ឱ្យកងទ័ពលីបង់ចូលគ្រប់គ្រង។ ទោះជាយ៉ាងណា ក្រុមហេសបូឡានៅតែបដិសេធមិនព្រមទម្លាក់អាវុធនោះទេ។
ភាពតានតឹងនៅតែកើតមាន ដោយកាលពីថ្ងៃអង្គារ
កងទ័ពអ៊ីស្រាអែលបានបាញ់ព្រមានកងទ័ពលីបង់
ដែលបានដើរចូលទៅក្នុងតំបន់ហាមឃាត់នៅក្បែរភូមិ Zawtar al-Gharbiya នេះ។ ទោះបីជាមានឧបសគ្គក្តី បន្ទាប់ពីបានដោតទង់ជាតិលីបង់រួចរាល់ លោកនាយករដ្ឋមន្ត្រី
សាឡាម បានសន្យាថា ស្របពេលនឹងការដាក់ពង្រាយកងទ័ព រដ្ឋាភិបាលនឹងបន្តបើកផ្លូវ
បោសសម្អាតគំនរបាក់បែក និងធានាសេវាចាំបាច់នានា
ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព
និងមានសេចក្តីថ្លៃថ្នូរ៕

Post a Comment