អភិបាលខេត្តកំពត៖​ ការដាំដុះ និងការថែរក្សាព្រៃឈើជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំដើមឈើ ការថែរក្សា និងអភិរក្សព្រៃឈើ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានបៃតង ការពារប្រភពទឹក និងទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ដែលរៀបចំនៅបរិវេណជើងភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ដើមឈើមួយដើមដែលត្រូវបានដាំនៅថ្ងៃនេះ នឹងផ្តល់ម្លប់ ខ្យល់បរិសុទ្ធ ការពារប្រភពទឹក និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នាពេលអនាគត។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំ និងថែរក្សាដើមឈើ ដើម្បីបន្សល់ទុកបរិស្ថានស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។​ ការស្រឡាញ់ដើមឈើ និងព្រៃឈើ គឺជាការរួមចំណែកការពារបរិស្ថាន កាត់បន្ថយគ្រោះធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី ព្រមទាំងផ្តល់អនុផលព្រៃឈើសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តកំពតមានគោលបំណងអភិវឌ្ឍតំបន់ភ្នំទ្វារ ឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ និងសាសនា ដែលមានសោភ័ណភាពបៃតង និងលម្អដោយដើមឈើផ្ការីកគ្រប់រដូវ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានប្រសាសន៍ថា រុក្ខទិវា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបំផុសស្មារតីស្រឡាញ់ធម្មជាតិ និងលើកកម្ពស់ការចូលរួមអភិរក្សធនធានព្រៃឈើ។ លោកបានឱ្យដឹងថា ក្នុងឱកាសនេះ ក្រុមការងារបានរៀបចំដាំកូនឈើជាង ៦០០ដើម នៅតាមបណ្តោយផ្លូវជាតិជើងភ្នំទ្វារ និងផ្លូវឡើងភ្នំទៅប្រាសាទមាសលោកជំទាវម៉ៅ និងបានចែកកូនឈើជាច្រើនដើមទៀតដល់ អង្គភាពកងកម្លាំង ព្រះសង្ឃង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ ដែលបានចូលរួមផងដែរ៕


















 

Powered by Blogger.