ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីការពារសុខភាព និងអាយុជីវិត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការណែនាំនានា ដើម្បីការពារសុខភាព និងអាយុជីវិត ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។
ការអំពាវនាវនេះ
ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក
និងឧតុនិយមបានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន
ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស និងការហក់ឡើងនៃកម្រិតទឹកស្ទឹង ព្រែក។
ដើម្បីកាត់បន្ថយហានិភ័យ
និងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ
ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ
ត្រៀមទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។
ក្នុងអំឡុងពេលមានទឹកជំនន់ ប្រជាពលរដ្ឋត្រូវជៀសវាងចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម
និងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី ដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។
ទន្ទឹមនឹងនេះ
ការការពារជំងឺក៏ជាចំណុចសំខាន់ផងដែរ ដោយត្រូវសម្រាន្តក្នុងមុងគ្រប់ពេល
ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក។ ត្រូវងូតទឹកដុះសាប៊ូឱ្យបានស្អាត
ដើម្បីបង្ការជំងឺសើស្បែក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវតាមដាន
និងពិនិត្យផ្ទៃពោះតាមកាលកំណត់ ហើយបើជិតដល់ពេលសម្រាល
ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
ក្រសួងក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជួយមនុស្សចាស់
កុមារ និងជនពិការភាព ដោយត្រៀមឈើច្រត់ រទេះរុញ
ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។ លើសពីនេះ ការធ្វើដំណើរតាមទូក ឬកាណូត
មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ ហើយត្រូវមានភ្លើងបំភ្លឺ
និងអាវពោងសុវត្ថិភាពជានិច្ច។ ការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសក៏ចាំបាច់ផងដែរ។
ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា
ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំទាំងនេះ ដើម្បីធានាសុវត្ថិភាព
និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាពីគ្រោះទឹកជំនន់៕



Post a Comment