មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
ភ្នំពេញ៖ ឯកឧត្តម ស៊ឹម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សហរដ្ឋអាមេរិក ទើបបានសម្រេចក្នុងការលើកលែងពន្ធនាំចូលលើទំនិញមួយចំនួនរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ត្រូវបានលើកលែងពន្ធនាំចូល ឬពន្ធសូន្យ ទៅកាន់ទីផ្សារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក បានកែប្រែអត្រាពន្ធគយថ្មី។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឯកឧត្តមបែបនេះ
ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «អត្រាពន្ធគយថ្មី
ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព
នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» នារសៀលថ្ងៃទី២៧
ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា
«ទំនិញរបស់យើងមានរហូតដល់ ១៥៤បន្ទាត់ពន្ធគយ ដោយក្នុងនោះក្រៅពីវាយនភណ្ឌ
គឺផលិតដែលធ្វើដោយដៃ ឧទាហរណ៍៖ ក្រមា, មួក ជាដើម -ល-
និងផលិតផល ដែលធ្វើចេញពីកំទេចឈើ នាំចេញទៅអាមេរិកពន្ធសូន្យ។ ក្រៅពីនេះ
ក៏មានរុក្ខជាតិ និងសត្វមួយចំនួនផងដែរ ដែលស្ថិតក្នុងបន្ទាត់ពន្ធគយនេះដែរ»។
បន្ថែមពីនោះទៀត ឯកឧត្តមបានគូសបញ្ជាក់ថា
ទំនិញផ្សេងៗទៀត ក្រុមការងារនឹងនៅតែបន្ដជំរុញរកសក្ដានុពល
ដើម្បីអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយគ្មានពន្ធនាំចូល គឺពន្ធសូន្យផងដែរ។
សូមជម្រាបថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍
ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០
ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល
១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រទី២៤
ខែកក្កដា។ សម្រាប់កម្ពុជាពន្ធគយថ្មីនេះ ក្នុងអត្រា១០% ទាបជាងប្រទេសជិតខាង ដូចជាថៃ
និងវៀតណាម ដែលមានអត្រា ១២.៥%៕


Post a Comment