អយ្យការចុះត្រួតពិនិត្យពន្ធនាគារមណ្ឌលគិរី ផ្តោតលើសន្តិសុខ និងសុវត្ថិភាពជនជាប់ឃុំ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ការងារគ្រប់គ្រង
និងសន្តិសុខក្នុងពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានរឹតបន្តឹងបន្ថែម ខណៈលោក សុង
គីមហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
ទទួលបន្ទុកកិច្ចការពន្ធនាគារ បានដឹកនាំក្រុមការងារចុះអធិការកិច្ច
ដើម្បីតាមដានការអនុវត្តការងារជាក់ស្តែង និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង។
ក្នុងដំណើរអធិការកិច្ចដែលធ្វើឡើងនៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោកព្រះរាជអាជ្ញារង បានជួបពិភាក្សាការងារជាមួយលោក ម៉ិញ រដ្ឋា ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ដើម្បីពិនិត្យបញ្ហាប្រឈម និងជំរុញដំណោះស្រាយឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានោះ លោកបានដាក់ការណែនាំឱ្យអង្គភាពពន្ធនាគាររឹតបន្តឹងការឆែកឆេរបន្ទប់ឃុំ និងខ្លួនប្រាណជនជាប់ឃុំ ពង្រឹងការយាមល្បាត និងការពារតាមច្រកទ្វារ កំពែង និងប៉ុស្តិ៍ត្រួតពិនិត្យ ព្រមទាំងធានាសុវត្ថិភាពក្នុងការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យ ឬចូលសវនាការ ដោយមិនឱ្យមានការរត់គេចខ្លួន។
ក្រៅពីការណែនាំផ្នែកសន្តិសុខ
ក្រុមការងារក៏បានពិនិត្យដោយផ្ទាល់លើស្ថានភាពរស់នៅ របបអាហារ សៀវភៅចុះបញ្ជី
និងរាប់ចំនួនជនជាប់ឃុំតាមបន្ទប់នីមួយៗ
ដើម្បីធានាថាការគ្រប់គ្រងអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន៕








Post a Comment