ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា កម្ពុជា អំពាវនាវឱ្យថៃ ឈប់បង្កើត លេសសម្រាប់ការពន្យារពេល ដោយចេតនារបស់ខ្លួន លើកិច្ចការខ័ណ្ឌសីមាព្រំដែន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនាំពាក្យ បានបន្តលើកឡើងអំពីភាពសកម្ម នៃការទូតសេដ្ឋកិច្ច និងការទូតដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ដោយឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យថៃ ឈប់បង្កើតលេស សម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយ រវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ទៀតថា “ការពន្យារពេលដំណើរការងារខ័ណ្ឌសីមាព្រំដែន ដោយគ្មានកំណត់ ដើម្បីកាត់យកនិងកាន់កាប់ជាអចិន្ត្រៃយ៍ នូវទឹកដីកម្ពុជាដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលទង្វើបែបនេះមិនអាចត្រូវបានអនុញ្ញាតឱ្យបន្តធ្វើតទៅទៀតបានឡើយ”។

ឯកឧត្តមអ្នកនាំពាក្យសង្កត់ធ្ងន់ថា ការកំណត់ខ័ណ្ឌសីមាព្រំដែនគោក តាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នា រួចហើយតាមអនុស្សរណៈ នៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕



Powered by Blogger.