ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប
ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង
និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា
ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ
«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតប
សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក
ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន
ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា
កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង
ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន
ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប
ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន
គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា
និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត
សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម,
ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី,
បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម,
ការពារជាតិ និងសន្តិសុខ។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន
អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត
និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕








Post a Comment