រដ្ឋមន្រ្តីមហាផ្ទៃ ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាល
ទៅថ្នាក់មូលដ្ឋានឱ្យបានច្រើននេះ
ពិតជាចៀសមិនផុតឡើយពីការកាត់បន្ថយចំនួនក្របខណ្ឌដែលអង្គភាពចំណុះទីស្ដីការក្រសួង
ត្រូវទទួលបានប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ ឯកឧត្តម បានអះអាងថា
ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង
បានដើរតួនាទីជាម្ចាស់ស្នាដៃកំណែទម្រង់នេះយ៉ាងពិតប្រាដក និងរក្សាជំហរឯកភាពគ្នាបន្តកំណែទម្រង់នេះដើម្បីផលប្រយោជន៍ជាតិ
និងប្រជាជន។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមទៀតថា ការងារនេះ
មានគោលដៅយុទ្ធសាស្ត្រសំដៅពង្រឹង
និងគាំទ្រដោយផ្ទាល់ដល់ការបំពេញការងាររបស់មន្ត្រីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល
និងអធិការដ្ឋាន ដើម្បីឱ្យពួកគាត់ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់
ក្នុងការការពារសន្តិសុខ សុវត្ថិភាព
ព្រមទាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព
ឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលា។
ពីវេទិកាអធិបតីនេះ ឯឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានសង្កត់ធ្ងន់ជូនអង្គពិធីថា លទ្ធផលកំណែទម្រង់នេះ អាចសម្រេចទៅបាន
ដោយសារគុណបំណាច់នៃមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាការប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យកាន់តែខិតជិត។
សូមបញ្ជាក់ថា សិក្ខាកាម និងសិស្សនគរបាលជ័យលាភី
ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាឱកាសនោះ
មានសរុបចំនួន ១៥វគ្គ ស្មើនឹង ១ ៧១០នាក់ (នារី ១៩៩នាក់)។ ក្នុងនោះ រួមមាន៖
ការបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៧វគ្គ មានជ័យលាភី ៥៣៨នាក់ (នារី
៤៣នាក់), នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន
២វគ្គ មានជ័យលាភី ១៨៩នាក់ និងនៅសាលានគរបាលជាតិភូមិភាគ ចំនួន ៦វគ្គ មានជ័យលាភី
៩៨៣នាក់ (នារី ១៧៦នាក់)៕






Post a Comment