ត្រាំ ព្រមានថា រាល់ពេលអ៊ីរ៉ង់វាយប្រហារនាវាមួយគ្រឿង អាមេរិកនឹងកម្ទេចស្ពាន និងរោងចក្រអគ្គិសនីមួយកន្លែង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានបន្តគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់ ដោយបានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចស្ពាន ឬរោងចក្រអគ្គិសនីមួយកន្លែង រាល់ពេលដែលទីក្រុងតេហេរ៉ង់ វាយប្រហារលើនាវាមួយគ្រឿងនៅច្រកសមុទ្រហ័រមូស។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth
Social លោក ត្រាំ បានសង្កត់ធ្ងន់ថា «រាល់ពេលដែលសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
បាញ់ប្រហារទៅលើនាវានៅច្រកសមុទ្រហ័រមូស មិនថាតាមរយៈមីស៊ីល រ៉ុក្កែត ដ្រូន
ឬអាវុធណាមួយក៏ដោយ សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកម្ទេច ស្ពាន
ឬរោងចក្រអគ្គិសនីមួយកន្លែង ជាការសងសឹក រួមទាំងទីតាំងដែលស្ថិតនៅក្បែរ
ឬនៅចំកណ្តាលរដ្ឋធានីតេហេរ៉ង់ផ្ទាល់តែម្តង»។
ការគំរាមកំហែងនេះធ្វើឡើងស្របពេលដែលអាមេរិក
និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារដាក់គ្នាជាបន្តបន្ទាប់
បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមុន
បានដួលរលំ ហើយការដណ្តើមអំណាចគ្រប់គ្រងច្រកសមុទ្រហ័រមូសកាន់តែមានភាពស្រួចស្រាវ
ដែលបង្កើនហានិភ័យនៃការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹង។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញច្បាប់អន្តរជាតិ
និងមេដឹកនាំពិភពលោកមួយចំនួន បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់លោក
ត្រាំ ក្នុងការកំណត់គោលដៅវាយប្រហារលើស្ពាន និងរោងចក្រអគ្គិសនី ដោយពួកគេចាត់ទុកថា
ទង្វើបែបនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ
ដែលហាមឃាត់ដាច់ខាតមិនឱ្យមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ៕ (Reuters)

Post a Comment