មន្ត្រីឧទ្យាននុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រើប្រាស់អាវុធខុសច្បាប់
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៦
មន្រ្តីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពកឃាត់ខ្លួនជនសង្ស័យចំនួន
២នាក់ព្រមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់
និងមធ្យោបាយធ្វើដំណើរមួយចំនួន នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត
ឃុំក្រង់តេះ ស្រុកពេជ្រាដា ។
ជុំវិញករណីនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
បានឱ្យដឹងថា សកម្មភាពកាន់កាប់អាវុធខុសច្បាប់
និងការចូលលួចបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិបែបនេះ
គឺជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន
និងធនធានធម្មជាតិ»។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា
បច្ចុប្បន្នមន្ត្រីឧទ្យាននុរក្សបាននាំយកជនសង្ស័យទាំង ២នាក់
ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសួរនាំ
និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន
ដោយគ្មានការលើកលែងឡើយ។
ទន្ទឹមនឹងនេះ លោក ហាស់ វិបុល
ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញ
និងក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបរបាញ់ កាប់រាន
និងការដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់។ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា សត្វព្រៃ
និងព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃ
និងជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តមណ្ឌលគិរី។ ការចូលរួមថែរក្សា អភិរក្ស
និងរាយការណ៍អំពីបទល្មើស គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា ដើម្បីធានាថាធនធានធម្មជាតិទាំងនេះ
នឹងត្រូវរក្សាបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕



Post a Comment