រាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋាន វប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធ ជាមួយអង្គការយូណេស្កូ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear)។

តាមរយៈសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋាន ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និង យន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធ បានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានសម្តែងនូវសេចក្តី សោកស្តាយជាទីបំផុត ចំពោះមហាវិនាសកម្ម មកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។ សម្ដេច ថា «នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា «ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ បន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិង លើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធ ទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំ ឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យ វាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុង អនុវត្តសកម្មភាព សម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនិង សំណល់គ្រាប់បែកចង្កោម ទល់ទ្រ សង្គ្រោះប្រាង្គប្រាសាទ កុំឱ្យដួលរលំបន្តទៀត ការប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែក ធ្លាក់រាយប៉ាយពាស ពេញបរិវេណប្រាសាទជាដើម»។

រាជរដ្ឋាភិបាល កម្ពុជាបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕






Powered by Blogger.