រដ្ឋបាលស្រុកដំណាក់ចង្អើរ បើកកិច្ចប្រជុំពិភាក្សាលើ គម្រោងរៀបចំសាងសង់ផ្សារពងទឹកថ្មី
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំកិច្ចប្រជុំពិភាក្សាយ៉ាងសំខាន់មួយ ស្តីពី «គម្រោងរៀបចំសាងសង់ផ្សារពងទឹកថ្មី» ក្នុងគោលបំណងប្រមូលធាតុចូល និងពិភាក្សាលើផែនការអភិវឌ្ឍន៍ផ្សារ ឱ្យកាន់តែមានលក្ខណៈទំនើប ប្រកបដោយអនាម័យ បរិស្ថានល្អ និងសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប លោក ធិន ស៊ីណា អភិបាលរងស្រុកដំណាក់ចង្អើរ និងជាតំណាង លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក-នាយករងរដ្ឋបាលសាលាស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ (កងរាជអាវុធហត្ថ នគរបាល និងយោធា) លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យ-អង្គភាពជំនាញពាក់ព័ន្ធ លោកមេឃុំពងទឹក មេភូមិ ព្រមទាំងបងប្អូនអាជីវករលក់ដូរផ្ទាល់នៅផ្សារពងទឹក និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីទាំងមូលបានជជែកពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅ ទៅលើទិដ្ឋភាពបច្ចេកទេស ផលប៉ះពាល់ ព្រមទាំងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ ជូនបងប្អូនអាជីវករ ដើម្បីធានាថា «គម្រោងរៀបចំ សាងសង់ផ្សារពងទឹកថ្មី» នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកក្នុងមូលដ្ឋាន។ យ៉ាងណា គោលបំណងចម្បងនៃគម្រោង គឺការកែប្រែមុខមាត់ថ្មីនៃទីប្រជុំជន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សារឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនកម្រិតអនាម័យ និងបង្កើតបរិយាកាសលក់ដូរ-ទិញដូរ ប្រកបដោយភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមការរីកចម្រើនរបស់ខេត្តកែប។
តំណាងថ្នាក់ដឹកនាំ និងមន្ទីរជំនាញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស បងប្អូនអាជីវករផ្ទាល់ ក្នុងការផ្តល់មតិយោបល់ ដើម្បីឱ្យដំណើរការនៃការស្ថាបនាផ្សារថ្មីនេះ ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងទទួលបានផលប្រយោជន៍រួមគ្នា។
រដ្ឋបាលស្រុកដំណាក់ចង្អើរ ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងជំរុញគម្រោងនេះឱ្យលេចចេញជារូបរាង ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍឥតឈប់ឈររបស់មូលដ្ឋានស្រុកទាំងមូល៕




Post a Comment