មេគយត្បូងឃ្មុំរងការរិះគន់ថា បានយកជនសុីវិលឱ្យចាំប្រមូលលុយពីឈ្មួញរកសុីតូចធំតាមច្រកព្រំដែន ប៉ុន្តែត្រូវបានលោកបដិសេធ

ដោយ : មុន្នីឧត្ដម

( Copyright by Phnom Penh Daily. )

ខេត្តត្បូងឃ្មុំ : លោក លី ប៊ុងសុង ប្រធានសាខាគយនិងរដ្ធាករខេត្តត្បូងឃ្មុំ កំពុងរង់ការរិះគន់ថា បានយកជនសុីវិលមួយក្រុមរហស្សនាម K18 មកធ្វើការតាមការិយាល័យគយច្រក ឬតំបន់នីមួយៗ ដើម្បីចាំប្រមូលលុយពីក្រុមឈ្មួញរកស៊ីទាំងតូចធំដែលឆ្លងកាត់។

ប្រភពបានខ្សឹបប្រាប់ទៀតថា ជនសុីវិលមួយក្រុមរហស្សនាម K18 ខាងលើនេះ គឺមានជំនាញខាងប្រមូលសេដ្ឋកិច្ចពីក្រុមឈ្មួញរកសុីតាំងពីគាត់ (លោក លី ប៊ុនសុង) នៅជាប្រធានសាខាគយនិងរដ្ធាករខេត្តកំពត និងមិនស្ថិតក្នុងក្របខណ្ឌជាមន្ត្រីគយឡើយ និយាយឱ្យស្រួលស្តាប់ គឺជាកម្មករ ឬក្រុមសាច់ញាតិរបស់គាត់ប្រើសម្រាប់ចាំប្រមូលលុយតាមរបៀបពុករលួយតែម្តង។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក លី ប៊ុនសុង ប្រធានសាខាគយនិងរដ្ធាករខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់អង្គភាព«ភ្នំពេញដេលី»នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះដោយបានបដិសេធថា មិនមានកម្លាំងជនសុីវិលដូចការចោទប្រកាន់ និងចុះផ្សាយរបស់សារព័ត៌មានឡើយ ព្រោះលោកបានបញ្ឈប់ជាយូរណាស់ហើយ។

លោកបានទទួលស្គាល់ថា កាលពីមុនមានមែន ប៉ុន្តែដោយអនុវត្តតាមបទបញ្ជា ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំហាមមិនឱ្យមានការប្រើប្រាស់ជនសុីវិល គឺលោកបានបញ្ឈប់ប្រ
មាណ ១ឆ្នាំមកហើយ បើមានជាកងកម្លាំង ដែលសហការជាមួយកម្លាំងមន្ត្រីគយប៉ុណ្ណោះ ដូច្នេះដើម្បីជៀសវាងមានការចុះផ្សាយមិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់ គឺលោកបើក
ចំហគ្រប់ពេល។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានចេញលិខិតមួយច្បាប់ផ្ញើជូនប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យ
គយ និងរដ្ឋករទាំងអស់ ឱ្យពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ ដោបានធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

១. អនុវត្តតួនាទី និងភារកិច្ចដោយឈរលើគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២. ហាមប្រើប្រាស់តួនាទី និងអំណាចផ្តល់ដោយច្បាប់ ស្តីពីគយទៅអនុវត្ត ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត។

៣. ក្នុងពេលបំពេញការងារត្រូវពាក់ឯកសណ្ឋានត្រឹមត្រូវ និងហាមដាច់ខាតមិនត្រូវឲ្យមានជនស៊ីវិលដើរតួនាទីជំនួសទោះ ក្នុងរូបភាពណាក៏ដោយ។

៤. ក្នុងពេលបំពេញការងារ ទាំងក្នុងការិយាល័យ និងទាំងក្នុងពេលជំរុញការអនុវត្តច្បាប់, ត្រូវមានអាកប្បកិរិយា និងពាក្យសំដីថ្លៃថ្នូរ។

៥. ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។

៦. ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការប្រជុំផ្សព្វផ្សាយ និងអប់រំណែនាំដល់មន្ត្រីភ្នាក់ងារក្រោមឱវាទ អំពីការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា ។

៧. លេខាធិការដ្ឋាន (ការិយាល័យសវនកម្មផ្ទៃក្នុង) និងនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវតាមដានជាប្រចាំអំពីការអនុវត្តសេចក្ដីណែនាំនេះ។ មន្ត្រីប្រព្រឹត្តល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជានឹងត្រូវរងវិន័យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធផ្សេងទៀតជាធរមាន៕



Powered by Blogger.