លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ដឹកនាំកម្លាំងចម្រុះរួមគ្នាស្ដារប្រឡាយទឹកប្រវែងជាង ៦០០ម៉ែត្រ ប្រកបដោយស្មារតីសាមគ្គីភាព

អត្ថបទ : ទ្រី ហៀន

ខេត្តកែប៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានចុះផ្ទាល់ដឹកនាំកិច្ចប្រតិបត្តិការស្ដារប្រឡាយទឹកមួយខ្សែ ដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់ទឹកសម្រាប់បម្រើដល់ជីវភាពរស់នៅ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​កិច្ចសហការនេះ មានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប, មន្ទីរអភិវឌ្ឍន៍ជនបទ, អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០នាក់។ ចំពោះប្រឡាយដែលត្រូវបានស្ដារឡើងវិញនេះ មានប្រវែង ៦០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

​ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុដែលមានភ្លៀងធ្លាក់ និងសំឡេងផ្គរលាន់រន្ទឺក៏ដោយ ក៏មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋនៅតែរក្សាបាននូវទឹកចិត្តមោះមុត និងបរិយាកាសសាមគ្គីភាពយ៉ាងកក់ក្ដៅ។ ការចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងនាមជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់។

​លោក ហ៊ួរ មិថុនា បានគូសបញ្ជាក់ថា ការចូលរួមចំណែកស្ដារប្រឡាយទឹកនេះ មិនត្រឹមតែជាការសម្រាលបន្ទុកក្នុងការបញ្ចេញ និងបញ្ចូលទឹកសម្រាប់កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដូចពាក្យស្លោកពោលថា «ទីណាមានប្រជាពលរដ្ឋជួបការលំបាក ទីនោះនឹងមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅជួយដោះស្រាយជានិច្ច»។

សូមជម្រាបថា ​ការងារស្ដារប្រឡាយនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបង្ហាញឱ្យឃើញពីចំណងសាមគ្គីភាពរវាងមន្ត្រី និងប្រជាពលរដ្ឋ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕



















Powered by Blogger.