អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ពី AOT ថៃ ឆ្លងចូលអធិបតេយ្យភាពកម្ពុជា នៅប្រាសាទខ្នារ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង នៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតប្តឹងទៅ នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា៖
«ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ
ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់
ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជាដោយគ្មានការជូនដំណឹងជាមុន
ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
ក្នុងលិខិតនោះ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា
ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត
ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។ ផ្ទុយទៅវិញ
ភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។
កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា
តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា
ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ «ខ»។ ទោះបីជាកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ
នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង
ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។
«កងយោធពលខេមរភូមិន្ទចាត់ទុកថាសកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព
ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក
ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។
រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថិកិច្ចដែលបានឯកភាពគ្នា
ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប
អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក
និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព
និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។
នេះខ្លឹមសារលិខិតរបស់ឯកឧត្តម វង្ស ពិសេន ជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន។
នាយឧត្តមសេនីយ៍
វង្ស ពិសេន បានមានប្រសាសន៍ថា «ក្នុងគោលបំណងរក្សាទំនុកចិត្ត
និងសុចរិតភាពនៃយន្តការ AOT
ខ្ញុំបាទសូមគោរពស្នើសុំការគាំទ្រពី ឯកឧត្តម
ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា
ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។
ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ
គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុម AOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន
ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ»។
ជាមួយគ្នា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
បានសម្តែងនូវសេចក្តីគោរពរាប់អាន
និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាអ្នកដឹកនាំដ៏មានតម្លៃ
និងការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីន ក្នុងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន
(AOT) ក្រោមយន្តការកសាងទំនុកចិត្តទ្វេភាគី ដែលបានឯកភាពគ្នា
រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយសង្កត់ធ្ងន់ថា «កងយោធពលខេមរភូមិន្ទតែងតែគាំទ្រយ៉ាងពេញលេញចំពោះការអនុវត្តលក្ខខណ្ឌយោង (Terms of Reference -
TOR) សម្រាប់កំណត់រាល់សកម្មភាពនិងការប្រព្រឹត្តទៅនៃក្រុម AOT និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកប្រកបទៅដោយតម្លាភាព
និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»៕









Post a Comment