លោក Xi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌ចិន

បរទេស៖ ប្រទេសចិនមានសារមន្ទីរ និងសាលរំលឹកវិញ្ញាណក្ខន្ធជាច្រើនដែលសាងសង់នៅលើទីតាំងវិកិណ្ណដ្ឋានវប្បធម៌ ដែលជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏យូរលង់នៃអរិយធម៌ចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារវិកិណ្ណដ្ឋានវប្បធម៌ចិនចាប់តាំងពីលោកធ្វើការនៅរដ្ឋបាលមូលដ្ឋាន។

តំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌ Sanfang Qixiang ជានាមប័ណ្ណរបស់ទីក្រុងFuzhou ។ ក្រោមការយកចិត្តទុកដាក់ និងការជំរុញដោយលោក Xi Jinping ដែលកាលនោះជាលេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុងFuzhou វត្ថុបុរាណនិងវិកិណ្ណដ្ឋានប្រវត្តិសាស្ត្រជាច្រើនក្នុងតំបន់នេះបានរួចផុតពីការបំផ្លិចបំផ្លាញនិងត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ ក្នុងនោះបូករួមទាំងអតីតលំនៅដ្ឋានរបស់លោក Lin Juemin ផងដែរ។

នៅពេលនោះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយត្រូវបានផ្តល់ការអនុញ្ញាតឱ្យរុះរើផ្នែកខ្លះនៃអតីតលំនៅដ្ឋានរបស់លោក Lin Juemin ដើម្បីសាងសង់ខុនដូសម្រាប់លក់។ ពេលដឹងអំពីរឿងនេះ លោក Xi Jinping បានបញ្ជាឱ្យមន្ត្រីធ្វើការត្រួតពិនិត្យ និងទាមទារឱ្យផ្អាកការរុះរើជាបណ្តោះអាសន្ន។ នៅក្នុងខែមីនា ឆ្នាំ ១៩៩១ រដ្ឋបាលក្រុង Fuzhou បានរៀបចំកិច្ចប្រជុំស្តីពីការងារអភិរក្សវត្ថុបុរាណនៅអតីតលំនៅដ្ឋានរបស់លោក Lin Juemin។ លោក Xi Jinping បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា៖ «ចំណុចសំខាន់មួយដើម្បីវាយតម្លៃថាតើប្រព័ន្ធឬកម្លាំងមួយជាប្រព័ន្ធជឿនលឿនឬជាកម្លាំងដើរបញ្ច្រាសប្រវត្តិសាស្ត្រ គឺត្រូវមើលថា តើវាប្រកាន់អាកប្បកិរិយាអ្វីចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌»។

កិច្ចប្រជុំនេះបានអនុម័តវិធានការជាក់ស្តែងជាច្រើន ដើម្បីពង្រឹងការអភិរក្សវត្ថុបុរាណវប្បធម៌ ក្នុងនោះបូករួមទាំងវិធានការនៃ«ការចាប់ផ្តើមជួសជុលឡើងវិញនូវអតីតលំនៅដ្ឋានរបស់លោក Lin Juemin ភ្លាមៗ»។ នៅក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ ការជួសជុលអតីតលំនៅដ្ឋានរបស់លោក Lin Juemin ត្រូវបានបញ្ចប់ ព្រមទាំងបានក្លាយជាសាលរំលឹកបដិវត្តន៍ Xinhai នៃក្រុងFuzhou ដែលបើកឱ្យសាធារណជនចូលទស្សនា។ នៅថ្ងៃបើកសម្ពោធសាលរំលឹកនេះ លោក Xi Jinping បានបម្រើការជាមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវមកពីក្រៅខេត្តផងដែរ៕





Powered by Blogger.