លោក ប៊ុន យោង ដឹកនាំមន្ត្រីរដ្ធបាលខេត្តកែប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា រម្លឹកគុណដល់វីរយុទ្ធ និងយុទ្ធនារីដែលបានពលីក្នុងសមរភូមិ នៅចេតិយតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16
អត្ថបទ : ទ្រី ហៀន
ខេត្តត្បូងឃ្មុំ÷ នៅព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកមន្ត្រីរដ្ធបាលខេត្ត ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរម្លឹកគុណដល់ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។សូមជម្រាបជូនថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលមានទីតាំងស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា–វៀតណាម គឺជាតំបន់ត្រូវបានបង្កើតឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី២០ មិថុនា ១៩៧៧ ជាថ្ងៃដែលលោក ហ៊ុន សែន (សម្តេចតេជោ ហ៊ុន សែន) និងសហការីមួយចំនួនបានឆ្លងព្រំដែនតាមចំណុច X16 ទៅប្រទេសវៀតណាម ស្វែងរកការគាំទ្រក្នុងការតស៊ូផ្តួលរំលំរបបខ្មែរក្រហម។
រាជរដ្ឋាភិបាលបានអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ ដោយសាងសង់សមិទ្ធផលជាច្រើនដូចជា «មហាចេតិយ សាលាសំណាក់ វេទិកាពិធី ស្រះទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត» សម្រាប់ការសិក្សា និងទេសចរណ៍ប្រវត្តិសាស្ត្រ៕









Post a Comment