ព្រឹកនេះ សម្ដេចធិបតី អញ្ជើញបើក មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២
ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។ ពិធីនេះបានប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនប្រទេសផងដែរ។
សមាគមកាយឫទ្ធិនារីពិភពលោក ឬ WAGGGS
គឺជាចលនាអន្តរជាតិធំបំផុតមួយសម្រាប់កុមារី និងយុវតី
ដែលមានសមាជិកភាពតាមរយៈសមាគមកាយឫទ្ធិនារីជាតិ នៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្ន WAGGGS
តំណាងឲ្យចលនាដែលមានសមាគមជាសមាជិកចំនួន១៥៣នៅទូទាំងពិភពលោក។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World
Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។
មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស
និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ
កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ
សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី៕

Post a Comment