កូរ៉េខាងជើង ថ្កោលទោសការអំពាវនាវរបស់ G7 ឱ្យរំសាយអាវុធនុយក្លេអ៊ែរ ដោយចាត់ទុកថាជាការរំលោភអធិបតេយ្យភាព
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យូចុង (Kim Yo Jong) នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរ ដោយលោកស្រីចាត់ទុកថាការទាមទារនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពរបស់កូរ៉េខាងជើង។
លោកស្រី គីម បានសង្កត់ធ្ងន់ថា
បញ្ហារំសាយអាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចត្រឡប់ថយក្រោយបានឡើយ
ហើយការកាន់កាប់អាវុធនុយក្លេអ៊ែរគឺជាផលប្រយោជន៍ស្នូល
និងជាខ្សែបន្ទាត់ក្រហមដែលមិនអាចកែប្រែបានរបស់ប្រទេសនេះ។ លោកស្រីបានព្រមានថា អ្នកណាដែលហ៊ានប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ
នឹងត្រូវប្រឈមមុខនឹង «ជម្រើសដ៏អាក្រក់បំផុត
ដែលនាំទៅរកមហន្តរាយ»។
បន្ថែមពីនេះ លោកស្រីបានអះអាងថា
អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាមធ្យោបាយកំញើញសម្រាប់ការពារខ្លួន
ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីសំណាក់ក្រុមសត្រូវ
ហើយអាវុធទាំងនេះគឺជា «គ្រឹះដ៏សំខាន់» សម្រាប់ធានាសន្តិភាព។ លោកស្រីបានបន្ថែមថា
ការអំពាវនាវឱ្យរំសាយអាវុធនុយក្លេអ៊ែរគឺជារឿង «ហួសសម័យទាំងស្រុង»
ហើយគ្មានក្រុមណាមួយអាចផ្លាស់ប្តូរជំហរនេះបានឡើយ
ទោះបីជាពួកគេរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយ។
គួររំលឹកថា កាលពីថ្ងៃពុធ មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍រួម ដោយសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង»
ចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង
ព្រមទាំងបានអំពាវនាវឱ្យប្រទេសនេះរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង
ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ
ក្រុម G7 ក៏បានជំរុញឱ្យកូរ៉េខាងជើងដោះស្រាយបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុន
និងទាមទារឱ្យមានការទប់ស្កាត់បទល្មើសសាយប័រ
និងការលួចរូបិយប័ណ្ណគ្រីបតូពីសំណាក់ទីក្រុងព្យុងយ៉ាងផងដែរ៕

Post a Comment