ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ណែនាំអភិបាលរងខេត្តកែបថ្មីទាំង៣រូប ពង្រឹងកិច្ចសហការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរងខេត្តកែបដែលចូលកាន់ថ្មីទាំង៣រូប ត្រូវពង្រឹងកិច្ចសហការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ អភិបាលរងខេត្តកែបថ្មី ចំនួន៣រូប នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ដែលបានខិតខំសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនប្រជាជននិងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់អភិបាលរងខេត្តថ្មីទាំង៣រូប ត្រូវសហការគ្នា ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចុះជិតជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
បន្ថែមលើនេះ ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តកែប
និងមន្ត្រីពាក់ព័ន្ធ រួមគ្នាជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ
ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ
និងអន្តរជាតិឱ្យមកកម្សាន្តខេត្តកែបកាន់តែច្រើន។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ
សណ្តាប់ធ្នាប់ សាធារណៈ និងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់
និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធ អនឡាញ (Online Scam) ដើម្បីរក្សាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
គួរបញ្ជាក់ជូនដែរថា អភិបាលរងខេត្តថ្មីទាំង៣រូបដែលត្រូវប្រកាសចូលកាន់តំណែង រួមមាន៖១-
លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ មកជាអភិបាលរងខេត្តកែប២- លោក សុខ រស់
ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងខេត្តកែប ៣- លោក សែម រមនា
ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប៕








Post a Comment