កម្ពុជា រកឃើញសត្វព្រៃគំរាមកំហែងនៃការផុតពូជ នៅភាគខាងជើងប្រទេស
ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។
សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng
(Bos javanicus), សត្វពង្រូល Sunda pangolin (Manis
javanica), សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc
langur (Pygathrix nemaeus), សត្វទោចថ្ពាល់លឿងឦសាន Northern
yellow-cheeked crested gibbon (Nomascus annamensis), សត្វកែះ Mainland
serow (Capricornis sumatraensis), សត្វខ្លាឃ្មុំតូច Malayan
sun bear (Helarctos malayanus) និងសត្វខ្លាពពក Mainland
clouded leopard (Neofelis nebulosa)។
លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ
រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥
អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន
អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ
Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃចំនួន ៤៧ប្រភេទ
រួមមាន ថនិកសត្វ ២៦ប្រភេទ, បក្សី ១៨ប្រភេទ និងសត្វល្មូន
៣ប្រភេទ។
លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង
ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ
និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ
ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។
ក្នុងការស្រាវជ្រាវនេះ
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ
ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ
ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍
ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។
ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ
អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់
ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។
ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ
ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ
និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕





Post a Comment