ហ្សេលេនស្គី បបួល ពូទីន ចរចាគ្នាដើម្បីបិទបញ្ចប់សង្រ្គាម
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញផ្សាយលិខិតចំហមួយទៅកាន់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលនៅក្នុងនោះលោកបានស្នើឱ្យមេដឹកនាំនៃប្រទេសទាំង២ ជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ។
នៅក្នុងលិខិតរបស់លោកដែលត្រូវបានផ្ញើទៅកាន់ប្រទេសជាច្រើនផ្សេងទៀត
ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងនោះ លោក
ហ្សេលេនស្គីបាននិយាយថាភាគច្រើននៃប្រជាជនរុស្ស៉ី
កាន់តែមានភាពធុញទ្រាន់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ុយក្រែន
ព្រមទាំងបញ្ហាអតិផរណា និងការខ្វះខាតឥន្ធនៈ
ហើយពួកគេត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាព។
តាមលោក ហ្សេលេនស្គី
កិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនត្រូវតែបន្តធ្វើឡើងក្នុងឥលូវនេះ
ជាជាងត្រូវរង់ចាំរហូតទាល់តែសហរដ្ឋអាមេរិកបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។
មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថាប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់ពេញលេញមួយអំឡុងកិច្ចចរចា
ហើយថាសហរដ្ឋអាមេរិកមានសមត្ថភាពក្នុងការតាមដាន
ការអនុវត្តបទឈប់បាញ់មួយនៅតាមបណ្ដោយសមរភូមិជាទីដែលការវាយប្រយុទ្ធគ្នាត្រូវបញ្ឈប់។
តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីបានអះអាងថាអ៊ុយក្រែន បានត្រៀមខ្លួនជានិច្ចដើម្បីបន្តតស៊ូប្រយុទ្ធក្នុងសង្រ្គាម
ប្រសិនបើមិនមានសន្តិភាពទេនោះ។
នៅឯទីក្រុងមូស្គូឯណោះវិញ
វិមានក្រឹមឡាំងបាននិយាយថាខ្លួនបានទទួលលិខិតរបស់លោក ហ្សេលេនស្គី ហើយថាលោក
ពូទីននឹងត្រូវបានជូនដំណឹងអំពីខ្លឹមសារនៅក្នុងលិខិតនោះ៕ (Reuters)

Post a Comment